កាលពីថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសរុស្ស៊ីមានប្រសាសន៍ថា ៖ «ខ្លួនកំពុងប្រើប្រាស់ឡាស៊ែរជំនាន់ថ្មី ដែលមានឥទ្ធិពលខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើក ហើយព្រមទាំងដាក់ពង្រាយនូវអាវុធសម្ងាត់មួយចំនួនរបស់ទីក្រុងម៉ូស្គូ ដើម្បីទប់ទល់នឹងអាវុធជំនួយរបស់លោកខាងលិច»។
ជាមួយគ្នានេះដែរ ក្នុងឆ្នាំ ២០១៨ កន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានបង្ហាញនូវកាំជ្រួចផ្លោងអន្តរទ្វីប (Ballistic) នាវាមុជទឹកគ្មានមនុស្សបើក ដោយប្រើនុយក្លេអ៊ែរ , មីស៊ីលល្បឿនលឿនជាងសំឡេង និង អាវុធឡាស៊ែរ។ រីឯ អាវុធឡាស៊ែរថ្មីដែល រុស្ស៊ីនឹងប្រើទប់ទល់នឹងអ៊ុយក្រែនវិញមានឈ្មោះថា Peresvet ។
លោក Yury Borisov ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការយោធា បានប្រាប់ក្នុងសន្និសីទនៅទីក្រុងមូស្គូថា ៖ «Peresvet កំពុងត្រូវបានដាក់ពង្រាយ ហើយវាអាចកម្ទេចផ្កាយរណបរហូតដល់កម្ពស់ ១៥០០ គីឡូម៉ែត្រពីលើផែនដី»។
មិនត្រឹមតែប៉ុណ្ណោះ លោក Borisov ក៏បន្តលើកឡើងថា ៖ «លោកមានអាវុធឡាស៊ែរ ដែលមានថាមពលខ្លាំងគឺ Peresvet ដែលអាចកម្ទេចយន្តហោះគ្មានមនុស្សបើក និង ឧបករណ៍ផ្សេងៗទៀត»។ ហើយលោកក៏បានបន្តលើកឡើងពីការសាកល្បង កាលពីថ្ងៃអង្គារ៍ ទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ដោយមានប្រសាន៍ថា៖ «អាវុធឡាស៊ែរ Peresvet បានកម្ទេច យន្តហោះគ្មានមនុស្សបើកដែលមានចម្ងាយ ៥ គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែប្រាំវិនាទីប៉ុណ្ណោះ»។
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក៏បានឆ្លើយតបបែបចំអកថា ៖ «អាវុធឡាស៊ែរថ្មីរបស់រុស្ស៉ី ប្រៀបដូចជាអាវុធដែលពួក Nazi Germany ធ្លាប់សម្ញែង ហើយបរាជ័យនៅក្នុងសម័យសង្រ្គាមលោកលើកទី២ តែប៉ុណ្ណោះ»៕
សូមបញ្ចាក់ថា Peresvet គឹជាអាវុធកម្ទេចយន្តហោះគ្មានមនុស្សបើក អាវុធប្រឆាំងផ្កាយរណប ហើយវាក៏អាចការពារដែនអាកាសបានផងដែរ៕
ប្រភព៖ Yahoo News