ចែកគ្នាដឹង! ក្រសួងបញ្ជាក់អាការជំងឺអុតស្វា ដែលកំពុងផ្ទុះឆ្លងនៅបណ្ដាប្រទេសអឺរុប និង អាមេរិក
នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ តាមរយៈក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ពីស្ថានភាពជំងឺអុតស្វា (Monkeypox) នៅលើសកលលោក និង សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នការពារខ្លួន និង រក្សាអនាម័យ បរិភោគអាហារឆ្អិនល្អ ព្រមទាំងចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វា ឬ សត្វ (រស់ ឬ ស្លាប់)។
ទោះបីជាជំងឺឆ្លងនេះ មិនទាន់មានវត្តមាននៅកម្ពុជាក៏ពិតមែន ប៉ុន្តែក្រសួងបានបញ្ជាក់ពីអាការរបស់វា ដែលមានដូចជា ៖
– ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និង ចេញកន្ទួលដែលមានពងបែក។
– កន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃ និង បាតជើង។
– មាត់ ប្រដាប់ភេទ និង ភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។
– រោគសញ្ញា និង កន្ទួលលើស្បែក ជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍។
ដោយឡែក ចំពោះការព្យាបាលជំងឺអុតស្វា ក្រសួងបានបញ្ជាក់បែបនេះថា ៖
– ករណីភាគច្រើន រោគសញ្ញានៃជំងឺអុតស្វានេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ ប៉ុន្តែក្នុងករណីខ្លះ ជំងឺនេះអាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និង អាចបណ្តាលឱ្យស្លាប់ដែរ។
– ការព្យាបាលត្រូវធ្វើការថែទាំតាមបែបគ្លីនិក (Clinical care) ដើម្បីបង្កើនប្រសិទ្ធភាពពេញលេញ និង កាត់បន្ថយរោគសញ្ញា ព្រមទាំងធ្វើការគ្រប់គ្រងផលវិបាកលើសរីរាង្គបន្ថែមបណ្តាលមកពីជំងឺឆ្លងនេះ និង ការការពារផលវិបាក ឬ ស្រឡាក រយៈពេលវែង ដែលត្រូវអនុវត្តឱ្យបានដិតដល់។
– ត្រូវបានផ្តល់ជាតិទឹក និង អាហារឱ្យបានគ្រប់គ្រាប់ដល់អ្នកជំងឺ ដើម្បីរក្សាស្ថានភាពអាហារូបត្ថម្ភបានល្អ។
– ការឆ្លងមេរោគ ឬ បាក់តេរីបន្ទាប់បន្សំ គួរតែត្រូវបានព្យាបាលតាមសភាពជាក់ស្តែង៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖