នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន និង យោធារបស់ចិនបានលើកឡើងថា ៖ «ខ្លួនបានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ គឺជាការព្រមានដ៏ឧឡារិកប្រឆាំងនឹងការរួមគំនិតរវាងកោះតៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក»។
កាលពីថ្ងៃចន្ទ ទី២៤ ឧសភា ឆ្នាំ២០២២ កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើឱ្យប្រទេសចិនខឹងដោយបង្ហាញសញ្ញាអំពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់ដោយបានលើកឡើងថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងផ្នែកយោធា ប្រសិនបើប្រទេសចិនវាយប្រហារកោះនេះ ក៏ប៉ុន្តែលោក Joe Biden បានបដិសេធអំពីការផ្លាស់ប្តូរគោលនយោបាយលើកោះតៃវ៉ាន់។
រីឯ បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនក៏បានលើកឡើងដែរថា ៖ «ខ្លួនបានអនុវត្តការល្បាត និង សមយុទ្ធនាពេលថ្មីៗនេះ នៅក្នុងដែនអាកាស និង សមុទ្រជុំវិញកោះតៃវ៉ាន់ »។
យ៉ាងណាមិញ បើយោងតាមទូរទស្សន៍រដ្ឋចិន លោក Shi Yi ក៏បានមានប្រសាសន៍បន្ថែមទៀតថា ៖ «នេះគឺជាការព្រមានដ៏ឧឡារិកប្រឆាំង នឹងការរួមគំនិតគ្នានាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និង កោះតៃវ៉ាន់»។
គួរឱ្យដឹងដែរថា ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំងយោធារបស់ខ្លួន ដើម្បីទាមទារយកកោះតៃវ៉ាន់មកវិញទេ ខណៈដែលកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។ រីឯ ច្រកសមុទ្រតៃវ៉ាន់ ក៏នៅតែជាកន្លែងដ៏សំខាន់ និង មានសក្តានុពល៕
ប្រភព៖ Reuter