ជប៉ុន-អាមេរិក រួមគ្នាឆ្លើយតបយ៉ាងក្តៅ បន្ទាប់ពីចិន និង កូរ៉េខាងជើង ធ្វើរឿងដ៏រំជើបរំជួលទាំងនេះ
កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា ៖ «ជប៉ុន និង សហរដ្ឋអាមេរិកបានធ្វើការហោះហើរយន្តហោះចម្បាំងរួមគ្នាលើសមុទ្រជប៉ុន ដើម្បីជាការឆ្លើយតបចំពោះការហោះហើរដោយយន្តហោះទម្លាក់គ្រាប់បែករួមគ្នារបស់រុស្ស៊ី និង ចិន កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ខណៈពេលដែលលោក Biden កំពុងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បន្ទាប់ពីកិច្ចប្រជុំ Quad (Quadrilateral Security Dialogue) សម្ព័ន្ធសន្តិសុខ និង ដំណើរទស្សនកិច្ចក្នុងទីក្រុងតូក្យូ»។
ជាមួយគ្នានេះដែរ កងកម្លាំងការពារជប៉ុនក៏បានធ្វើសេចក្តីថ្លែងការណ៍មួយថា ៖ «ជើងហោះហើររួមជប៉ុន និង អាមេរិកកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាការបញ្ជាក់ពីសមត្ថភាពរួមរបស់ SDF ជប៉ុន និង កងកម្លាំងសហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពជប៉ុន និង អាមេរិកបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងភាពអាសន្នណាមួយ»។
ចំពោះការហោះហើរនេះក៏ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប ចំនួន ៣ គ្រាប់ឆ្ពោះទៅសមុទ្ររវាងឧបទ្វីបកូរ៉េ និង ប្រទេសជប៉ុន ស្របពេលមានការព្រួយបារម្ភអំពីការសាកល្បងនុយក្លេអ៊ែរដោយទីក្រុងព្យុងយ៉ាង។
មីស៊ីលផ្លោងអន្តរទ្វីបនេះ បានធ្លាក់ចូលទៅក្នុងដែនសមុទ្យនៅខាងក្រៅតំបន់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានបញ្ចាក់បន្ថែមទៀតថា ៖ «យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិន បានចូលរួមជាមួយយន្តហោះ TU-95 របស់រុស្ស៊ី នៅលើសមុទ្រជប៉ុន ហើយបានហោះទៅកាន់តំបន់នានា នៅសមុទ្រចិនខាងកើត ប៉ុន្តែមិនបានបំពានលើដែនអាកាសរបស់ជប៉ុនទេ»។ រីឯយន្តហោះឈ្លបយកការណ៍ IL-20 របស់រុស្ស៊ីក៏ត្រូវបានគេប្រទះឃើញ ហោះចេញពីឆ្នេរភាគខាងជើង ប្រទេសជប៉ុនផងដែរ។
H-6
TU-95
IL-20
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ជប៉ុននិងអាមេរិកបានបញ្ចូនការហោះហើររួមគ្នា ដោយក្នុងនោះរួមមានយន្តហោះចម្បាំងចំនួន ៨ ដែលរួមមានយន្តហោះ F-16 របស់សហរដ្ឋអាមេរិកចំនួន ៤ គ្រឿង និង យន្តហោះ F-15 របស់ជប៉ុនចំនួន ៤ គ្រឿង៕
F-16
F-15
ប្រភព៖ Yahoo news