នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC នាពេលថ្មីៗនេះ បានផ្ដល់ព័ត៌មាន ក៏ដូចជាចំណេះដឹង ទាក់ទងទៅនឹងជំងឺអុតស្វា (Monkeypox) ដែលបាន និងកំពុងឆ្លងនៅទ្វីបអឺរ៉ុប អាមេរិក និងកាណាដា។
ក្នុងនោះ ខាងនាយកដ្ឋាន បានណែនាំនូវវិធីសាស្ត្រ ៥ យ៉ាង ដើម្បីការពារការឆ្លងជំងឺអុតស្វានេះ ដោយត្រូវអនុវត្តដូចខាងក្រោម៖
– រក្សាអនាម័យខ្លួនប្រាណ លាងដៃជានិច្ចជាមួយសាប៊ូ ឬជែលលាងដៃ ឬអាល់កុលលាងដៃ និងរក្សាអនាម័យផ្លូវដង្ហើម
– ចៀសវាងការប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកជំងឺអុតស្វា
– អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ដោយប្រើស្រោមអនាម័យ
– បរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ
– ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬស្លាប់។
យ៉ាងណាមិញ CDC បានបញ្ជាក់ផងដែរថា រោគសញ្ញានៃជំងឺអុតស្វា មានដូចជា ៖
– ក្ដៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក
– កន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃ និងបាតជើង
– មាត់ ប្រដាប់ភេទ និងភ្នែក អាចរងផលប៉ះពាល់ដែរ
– រោគសញ្ញា និងកន្ទួលលើស្បែក មានរយៈពេលជាច្រើនសប្តាហ៍។
សូមរំឭកផងដែរថា កាលពីព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានជូនដំណឹង ពីការរកឃើញករណីសង្ស័យ ជំងឺអុតស្វាចំនួន ៦ ករណី តែក្រោយធ្វើតេស្តមន្ទីរពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ មានន័យថា រហូតមកទល់ពេលនេះ គ្មានជំងឺនេះ នៅក្នុងប្រទេសកម្ពុជាទេ៕