ក្រោយគ្មានករណីឆ្លងកូវីដ-១៩ អស់រយៈពេល ៥២ ថ្ងៃ នៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអោយដឹងថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាថ្មី តាមរយៈការធ្វើតេស្ត PCR មួយចំនួន ដែលអ្នកធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទទៅក្រៅប្រទេសមួយចំនួន និង មួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងប្រទេសវិញ។
សម្ដេចបានថ្លែងបែបនេះ តាមរយៈសារពិសេសជូនជនរួមជាតិ អំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ-១៩ កើតឡើងសារជាថ្មីនៅក្នុងប្រទេស។ ទន្ទឹមនោះ សម្ដេចបានបន្តទៀតថា នេះជាការបញ្ជាក់ដោយម៉ាស៊ីន PCR ដែលបានធ្វើសម្រាប់អ្នកឆ្លងក្នុងសហគមន៍ អ្នកមកពីក្រៅប្រទេស និង អ្នកធ្វើវិញ្ញាបណ្ណបត្រសម្រាប់ចេញទៅក្រៅប្រទេស ខណៈសម្ដេចបានទទួលព័តមានថា នៅតាមទីកន្លែងមួយចំនួនក្នុងការធ្វើតេស្តរហ័ស ក៏ឃើញវិជ្ជមាននៃកូវីដ-១៩ ដូច្នេះអាចសន្មត់បានថា កូវីដ-១៩ វាចាប់ផ្ដើមឡើងវិញ។
សម្ដេចបានបញ្ជាក់បន្ថែមថា ទោះបីនៅក្នុងចំនួនតិចក៏ដោយ ហើយអាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ ដូច្នេះលោកសូមអំពាវនាវបងប្អូនប្រុងប្រយ័ត្ន ទៅលើការកាពារសុខភាពផ្ទាល់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាលចូលទៅក្នុងសហគមន៍ ទៅក្នុងក្រុមគ្រួសារ ឬ តាមស្ថាប័ននានាផងដែរ៕