នេះជារឿងរ៉ាវជីវិតរបស់ស្រ្តីជនជាតិយូកាន់ដាម្នាក់ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមជាមួយក្តីខ្លោចចិត្តអាសូរ ដោយនាងអាយុត្រឹម ៤០ ឆ្នាំ តែមានកូនរហូត ៤៤ នាក់ ហើយស៊ូចិញ្ចឹមតែម្នាក់ឯង ព្រោះប្តីវេចលុយរត់ចោលបាត់។
តាមព័ត៌មានបានឱ្យដឹងថា ស្រី្តម្នាក់នេះឈ្មោះ Mariam ដោយនាងបានជាប់ជាស្ត្រីមានកូនច្រើនជាងគេបង្អស់ក្នុងលោក។ Mariam បានផ្តល់កំណើតឱ្យកូនភ្លោះពីរ ៤ ដង កូនភ្លោះបី ៥ ដង និង កូនភ្លោះបួន ៥ ដង។ បន្ថែមពីនេះ មានតែម្តងប៉ុណ្ណោះ ដែលនាងបានកើតកូនតែម្នាក់ ហើយមកទល់ពេលនេះ កូនៗរបស់នាងក៏ស្លាប់អស់ ៦ នាក់ទៅហើយ នៅសល់តែ ៣៨ នាក់ ដែលរស់នៅជាមួយនាងសព្វថ្ងៃ។
យ៉ាងណាមិញ បើតាមការរៀបរាប់ឱ្យដឹង មើលទៅជីវិតនាងពិតជាកម្សត់ណាស់ ដោយនាងត្រូវឪពុកម្តាយបង្ខំឱ្យរៀបការតាំងពីអាយុ ១២ ឆ្នាំ ហើយនាងមានកូនដំបូងក្នុងអាយុត្រឹម ១៣ ឆ្នាំប៉ុណ្ណោះ។ លើសពីនេះទៅទៀត ដោយសារតែមានកូនភ្លោះច្រើនដងពេក ទើបនាងទៅពិនិត្យសុខភាព ដោយបានដឹងថា ខ្លួនមានអត្រាបង្កកំណើតខ្ពស់ជាងស្រ្តីដទៃ នាងមានការបញ្ចេញមេជីវិតញីច្រើនខុសធម្មតា ហើយថ្នាំពន្យារកំណើតមិនអាចជួយបានឡើយ ថែមទាំងអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរទៀតផង។
ចុងក្រោយ នាងក៏គ្មានជម្រើស មានតែបណ្តោយខ្លួនឱ្យពពោះជារឿយៗ រហូតដល់ឆ្នាំ ២០១៦ នាងបានបង្កើតកូនចុងក្រោយ ប្តីរបស់នាងក៏លួចយកលុយដែលមានប៉ុន្មាន រួចក៏រត់ចេញបាត់ពីផ្ទះសូន្យឈឹង បន្សល់ឱ្យនាងត្រូវចិញ្ចឹមកូនមួយសម្បុកតែម្នាក់ឯងគត់។
យ៉ាងណាមិញ គ្រូពេទ្យក៏សម្រេចកាត់ស្បូនរបស់នាងចោលទៅហើយ ហើយទោះបីជាមិនមានកូនទៀតមែន តែនាងត្រូវដើរតួនាទីជាម្តាយ រកលុយដើម្បីបំពេញក្រពះកូនៗ ដោយធ្វើជាជាងកាត់សក់ខ្លះ ដើររើសអេតចាយខ្លះ និង បិទស្រាលក់ ជាដើម៕