ចូលរួមមង្គលការចៅស្រី ឯកឧត្តម ជា សុផារ៉ា ភ្លេចចងដៃ ស្រាប់តែ ឯកឧត្តម ម៉ុង ឫទ្ធី ប្ដូរមកធ្វើរឿងនេះជំនួស
នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២ នេះ តាមរយៈផេកផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះឱ្យបានដឹងថា នៅព្រឹកនេះ រូបលោក និង ភរិយា បាននាំយកបាយកញ្ចប់ទឹកបរិសុទ្ធ ចែកជូនប្រជាពលរដ្ឋដែលបាននាំគ្នាយកកូនចៅ មករង់ចាំទទួលសេវាព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។
លោកបានបញ្ជាក់ថា កម្មវិធីនេះ ធ្វើឡើងដោយសារតែ លោកបានទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ចៅស្រីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង ចៅប្រុសរបស់លោកជំទាវ ភាព ហៀក ដោយចេញមកវិញភ្លេចមិនបានចងដៃចៅៗ។
ដូច្នេះហើយ គឺមានតែយកថវិកានេះ បូកបន្ថែមនឹងថវិកាផ្ទាល់ខ្លួនខ្លះទៀត មកធ្វើបុណ្យដាក់ទាន ឧទ្ទិសកុសល ដល់ដូនតាម៉ាកុង ដែលបានចែកឋានទៅលោកខាងមុខ និង ឱ្យពរជ័យដល់គូរអាពាហ៍ពិពាហ៍ ដែលជាចៅប្រុសចៅស្រី ទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង សូមឱ្យបានកូនប្រុសស្រីឱ្យច្រើនៗ បន្តពូជពង្សវង្សត្រកូលចូលរួមចំណែកបន្តវេនក៏សាងអភិវឌ្ឍន៍ កម្ពុជាឱ្យកាន់តែរីកចម្រើនក្រោមដំបូលសន្តិភាព។
ឯកឧត្តមបណ្ឌិត ថែមទាំងដាក់ជាសំណួរមួយ បន្ថែមទៀតថា ៖ «តើមានប្រិយមិត្ត យើងណាខ្លះ ដែលធ្លាប់ទៅហូបការហើយភ្លេចចងដៃ? ដូចខ្ញុំភ្លេចចងដៃ ៣ ដង រួចមកហើយ ដេកមិនលក់ បក់មិនល្ហើយទេ»៕