នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ផ្អាកយុទ្ធការឃោសនាបោះឆ្នោត ក្រោយលោក Shinzo Abe ត្រូវគេបា-..ញ់ប្រហា-.រ
នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងឈាម ក្រោយការបាញ់ប្រហារក្នុងពេលកំពុងថ្លែងសុន្ទរកថាឃោសនាបោះឆ្នោត នៅតាមដងផ្លូវ ឯភាគខាងលិចនៃទីក្រុង Nara។ ការបាញ់ប្រហារទៅលើលោក Abe ត្រូវបានគេរាយការណ៍ថា លោកត្រូវបានគេបាញ់របួសត្រង់ដើមទ្រូង និង ក-ខាងឆ្វេង។
ដោយឡែក មានប្រភពមួយបានទម្លាយថា លោកយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានផ្អាកយុទ្ធនាការបោះឆ្នោតរបស់លោកភ្លាមៗក្នុងថ្ងៃនេះ (ថ្ងៃទី ៨ ខែកក្កដា) បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបានបាញ់សម្លាប់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Kishida កំពុងតែធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ដោយចេញពីទីក្រុង Sagae ក្នុងខេត្ត Yamagata។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតទៅសភាជាន់ខ្ពស់របស់ប្រទេសជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ ហើយមេដឹកនាំទាំងពីរកំពុងស្ថិតក្នុងការឃោសនាបោះឆ្នោត។ យ៉ាងណាមិញ មកទល់ពេលឥឡូវនេះ មានជនសង្ស័យបុរសម្នាក់ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ ពេលនេះកំពុងតែសាកសួរផងដែរ។