មកដឹងប្រវត្តិ និង ស្នាដៃ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe មុនពេលលោកទទួលមរណភាព
អតីតនាយករដ្ឋមន្ត្រីប្រទេសជប៉ុនលោក Shinzo Abe បានកើតនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៥៤ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន មានឪពុកឈ្មោះ Shintaro Abe និង ម្ដាយឈ្មោះ Yoko Abe ព្រមទាំងមានភរិយាឈ្មោះ Akie Abe បានរៀបការនៅក្នុងឆ្នាំ ១៩៨៧។
លោកមាន អាយុ ៦៧ ឆ្នាំ ជាអតីតនាយករដ្ឋមន្ត្រីប្រទេសជប៉ុន ដែលកាន់អំណាចបានយូរជាងគេនៅប្រទេសជប៉ុន ចំនួន ០២ អាណត្តិ គឺនៅឆ្នាំ ២០០៦ ដល់ ២០០៧ និង នៅអាណត្តិទី ២ ក្នុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០២០ ខណៈចុងបញ្ចប់នៃការងាររបស់លោក លោកបានសម្រេចចិត្តចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដោយសារតែស្ថានភាពសុខភាពមិនអំណោយផល។
បើនិយាយពីប្រវត្តិស្នាដៃ និង ដំណើរនយោបាយរបស់លោកវិញ នៅឆ្នាំ ១៩៩៣ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo បានជាប់ឆ្នោតជាសមាជិកសភាជប៉ុន។ នៅឆ្នាំ ១៩៩៩ លោកបានក្លាយជាប្រធានគណៈកម្មាធិការសុខភាព និង សុខុមាលភាព ហើយក៏ជាប្រធានផ្នែកកិច្ចការសង្គមរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP)។
លុះនៅឆ្នាំ ២០០០ ដល់ ២០០៣ លោកបានបម្រើការងារ ជាអនុប្រធានខុទ្ទកាល័យនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) រហូតដល់ឆ្នាំ ២០០៦ លោក Shinzo Abe បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនជាលើកដំបូង និង បានប្រកាស លាលែងពីតំណែងនៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០០៧។
ដោយឡែក នៅឆ្នាំ ២០១២ លោក Shinzo Abe បានឈ្នះការបោះឆ្នោតដឹកនាំបន្តសម្រាប់ថ្នាក់ដឹកនាំគណបក្សសេរីប្រជាធិបតេយ្យ (LDP)។ រហូតដល់ឆ្នាំ ២០១៧ លោកទទួលបានជ័យជម្នះ យ៉ាងខ្លាំងក្នុងការបោះឆ្នោតមួយ កាលពីថ្ងៃទី ២២ ខែតុលា និង បានលាលែងពីតំណែង នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០។
យ៉ាងណាមិញ ជារឿងដ៏គួរឱ្យសោកសៅ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ លោក Shinzo Abe បានទទួលមរណភាព ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយសារតែរងការបាញ់ប្រហារ កំឡុងពេលលោកថ្លែងសន្ទរកថា នៅប្រទេសជប៉ុន៕
ប្រភព ៖ Jagranjosh