ជាង ២០០ នាក់ ត្រូវគូស្នេហ៍លក់អនឡាញបោកយកអស់ជាង ៣២ លានដុល្លារ សន្យាជួយទិញរបស់ឱ្យ ចុងក្រោយបានទឹកភ្នែក
យ៉ាងហោចណាស់មានមនុស្សប្រហែលជា ២០០ នាក់ ត្រូវបានគូស្នេហ៍វ័យក្មេងដែលប្រកបរបរលក់អនឡាញបោកបញ្ឆោតយកលុយក្នុងន័យជួយទិញរបស់ប្រេនឱ្យ ដែលលុយបោកបានសរុបជាទឹកប្រាក់មានប្រមាណជា ៣២ លានដុល្លារ។
យោងតាមសារព័ត៌មាន Shin Min Daily News មានអតិថិជនដែលត្រូវបានគេស្គាល់ថាជាបុរសម្នាក់ឈ្មោះ Huang បានប្រាប់មកកាន់ប្រភពមួយនេះថា គេបានសុំឱ្យគូស្នេហ៍នេះទិញនាឡិកាម៉ាក Rolex និង ម៉ាក Patek Philippe ចំនួន ៦ គ្រឿង ដែលសរុបជាទឹកប្រាក់ប្រមាណជា ៧ ម៉ឺនដុល្លារ ប៉ុន្តែរូបគេមិនទាន់ទទួលបានទំនិញនៅឡើយទេ។
អតិថិជននោះក៏បានបន្ថែមថា ដោយសារតែលោកទុកចិត្តគូស្នេហ៍មួយនោះ ព្រោះរូបលោកក៏ធ្លាប់បានបញ្ជាទិញនាឡិកា Rolex តម្លៃ ប្រមាណជា ២៦០០០ ដុល្លារ ពីពួកគេកាលពីឆ្នាំមុនផងដែរ ហើយបានទទួលនាឡិកានោះរយៈពេលមួយខែបន្ទាប់ពីការបញ្ជាទិញ។ លោកក៏បានផ្ទៀងផ្ទាត់ឃើញថា Rolex ដែលលោកបញ្ជាទិញ គឺជាទំនិញពិតប្រាកដទើបលោកទុកចិត្តបញ្ជាទិញបន្តទៀត។
គួរឱ្យដឹងផងដែរថា អតិថិជនដែលមានវ័យប្រហែលជា ៣៧ ឆ្នាំរូបនោះ បានទាក់ទងបញ្ជាទិញទំនិញពីគូស្នេហ៍នោះតាមរយៈគណនី Instagram របស់ពួកគេ រីឯតម្លៃដែលពួកគេផ្តល់ជូនគឺទាបជាងតម្លៃទីផ្សារប្រហែលជា ១០ ភាគរយឯណោះ ដូច្នេះហើយលោកគិតថាវាជាតម្លៃសមរម្យមួយដែលលោកគួរតែបញ្ជាទិញម្ដងទៀត។
យ៉ាងណាមិញ ក្រោយការរង់ចាំរាប់ខែដោយគ្មានដំណឹងនាឡិការបស់ខ្លួន លោកបានសុំការពន្យល់ពីគូស្នេហ៍មួយគូនេះ បន្ទាប់មកលោកត្រូវបានគេ Add ចូល ទៅក្នុងក្រុម Telegram ។
បន្ទាប់ពីបានចូលទៅក្នុងគ្រុបនោះហើយ លោក Huang បានប្រាប់មកកាន់សារព័ត៌មានថា លោកបានដឹងថាអតិថិជនទាំងអស់នៅក្នុងក្រុមដែលមានសមាជិកប្រមាណជាង ២០០ នាក់ ក៏មិនបានទទួលទំនិញរបស់ពួកគេដូចរូបលោកដែរ។ ដូច្នេះហើយ មួយសប្តាហ៍ក្រោយមកនៅថ្ងៃទី ១ ខែកក្កដា គាត់បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសតែម្ដង៕