ទឹកចិត្តប្រពៃណាស់! មហាសេដ្ឋីពិភពលោក Bill Gate បរិច្ចាគទ្រព្យផ្ទាល់ខ្លួនជាង ២០ ពាន់លានដុល្លារទៅកាន់មូលនិធិមួយ
ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយលោក Bill Gate ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp ហើយក៏ជាមហាសេដ្ឋីពិភពលោកលំដាប់ទី ៤ ដែលមានទ្រព្យសម្បត្តិសុទ្ធ ជាង ១២២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ នេះ។
យ៉ាងណាមិញ យោងតាមប្រភពមួយ ថ្មីៗនេះសហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ២០ ពាន់លានដុល្លារបន្ថែមទៀត ទៅកាន់មូលនិធិសប្បុរសធម៌របស់លោក ដែលបានបង្កើតឡើង និង គ្រប់គ្រងដោយលោក ជាមួយនឹងអតីតភរិយាដែលមានឈ្មោះថា Melinda French Gates ។
ជាមួយគ្នានោះ មូលនិធិសប្បុរសធម៌មួយនេះ មានឈ្មោះថា «មូលនិធិ Bill និង Melinda Gates» រីឯគោលបំណងគឺសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់បុព្វហេតុនានា ដូចជាការកាត់បន្ថយការស្លាប់របស់កុមារ ការគ្រប់គ្រង ឬ ការប្រែប្រួលអាកាសធាតុ និង ការការពារពីជំងឺរាតត្បាតនាពេលអនាគតផងដែរ។
ដោយឡែក កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោកបានបង្ហោះនៅលើ Blog ផ្ទាល់ខ្លួនរបស់លោក ដោយនិយាយថា ការបរិច្ចាគនេះនឹងជួយដល់មូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ឯកជនដ៏ធំបំផុតរបស់ពិភពលោក ហើយលោកគ្រោងនឹងបង្កើនការបរិច្ចាគប្រចាំឆ្នាំមកកាន់មូលនិធិមួយនេះ ចាប់ពី ៦ ពាន់លានដុល្លារ រហូតដល់ ៩ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០២៦៕