ចែកគ្នាដឹងផង! បាត់ស្លាកលេខរថយន្ត អាចស្នើសុំធ្វើថ្មីបាន តែត្រូវមានឯកសារទាំងនេះ
ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នេះ បានធ្វើការឆ្លើយតបទៅនឹងសំណួរ ដែលមានមហាជនសួរច្រើនជាងគេ ប្រចាំខែមិថុនា ដែលសំណួរនោះសួរថា ៖ តើបាត់ផ្លាកលេខរថយន្ត អាចស្នើសុំថ្មីបានទេ ឯកសារអ្វីខ្លះ?
ទាក់ទិនទៅនឹងសំណួរ ដ៏ចាំបាច់ខាងលើ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យបានដឹងថាប្រសិនបើបាត់ផ្លាកលេខរថយន្ត គឺអាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា)។
ដោយឡែកចំពោះ ឯកសារតម្រូវគឺមានដូចជា ៖
– អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
– បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)
– ពាក្យបណ្តឹងមានបញ្ជាក់ពី៖
*ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ (ករណីបាត់ផ្លាកលេខរថយន្តម្ខាង)
*អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ (ករណីបាត់ផ្លាកលេខរថយន្តមួយគូ)
– វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ៕