មានតែមួយគ្មានពីរ! យុវជនម្នាក់រៀន ១២ ឆ្នាំ ប៉ុន្តែមិនដែលសុំច្បាប់ ឬ អវត្តមានសូម្បីតែ ១ ថ្ងៃ
សិស្សវិទ្យាល័យម្នាក់ដែលមានឈ្មោះថា Blake Wolfe មកពីរដ្ឋ Ohio សហរដ្ឋអាមេរិក បានបញ្ចប់ការសិក្សាយ៉ាងល្អឥតខ្ចោះតែម្ដងពីវិទ្យាល័យ Westlake នៅក្នុងរដ្ឋដែលគេកំពុងរស់នៅ បន្ទាប់ពីបានចំណាយពេលប្រហែលជា ២១៨៥ ថ្ងៃ ដែលរូបគេបានទៅសាលាចាប់តាំងពីឆ្នាំ ២០០៩ មក។
យោងតាមប្រភពមួយបានឱ្យដឹងថា Blake Wolfe មិនដែលធ្លាប់បានខកខានទៅរៀនសូម្បីតែមួយថ្ងៃនោះឡើយ ចាប់តាំងតែពីគេបានចូលរៀននៅឯសាលាមត្តេយ្យម្ល៉េះ។
យ៉ាងណាមិញ Wolfe ក៏ធ្លាប់មិនបានចូលសាលារៀនដែរ ប៉ុន្តែនៅពេលនោះគឺជាថ្ងៃដែលត្រូវបានបិទដោយសារតែព្រិលធ្លាក់ខ្លាំងពេក។ យុវជនរូបនេះមិនដែលអវត្តមានសូម្បីតែមួយថ្ងៃដោយសារតែឈឺ ឬ មានបញ្ហាអ្វីឡើយ។
នៅក្នុងបទសម្ភាសមួយ Wolfe បានប្រាប់ទៅកាន់សារព័ត៌មាន Fox 8 ថា៖ «លោកក៏ធ្លាប់មានថ្ងៃមួយដែលលោកចង់រកលេសដើម្បីសុំច្បាប់សម្រាកនៅផ្ទះដែរ ប៉ុន្តែម្ដាយ និង ឪពុករបស់លោកបានផ្ដល់កម្លាំងចិត្តឱ្យលោកមកសាលា។ ចំណែកឯនៅពេលដែលខ្លួនបានមកដល់សាលា អារម្មណ៍របស់គេក៏បានរាងធូរស្បើយវិញបន្ទាប់ពីបានជួបមិត្តភក្ដិរបស់គេ»។
អ្នកស្រី Dana Wolfe ដែលជាម្ដាយរបស់គេបានលើកឡើងថា កូនរបស់អ្នកស្រីពិតជាក្មេងល្អមែន។ មិនតែប៉ុណ្ណោះ Dana ក៏បានបន្ថែមដែរថា ៖ «អ្នកស្រីដឹងថាការសិក្សាមានសារសំខាន់ណាស់ ដូច្នេះហើយទើបពួកគេជំរុញឱ្យកូនរបស់ខ្លួនទៅរៀនជារៀងរាល់ថ្ងៃ»។
ដោយឡែក Wolfe បាននិយាយថា ៖ «ផ្នែកដែលខ្លួនគិតថាលំបាកបំផុតក្នុងការសិក្សារយៈពេល ១២ ឆ្នាំរបស់គេនោះ គឺអំឡុងពេលជំងឺរាតត្បាត Covid-១៩ ដែលការរាតត្បាតមួយនោះជំរុញឱ្យសាលារៀនទាំងអស់បិទទ្វារ ហើយជំនួសមកវិញគឺការរៀនតាមអនឡាញ ដែលវាជាហេតុធ្វើឱ្យរូបគេមានការពិបាកក្នុងការសិក្សា ប៉ុន្តែរូបគេនៅតែខំប្រឹង រហូតដល់ចប់ចុងចប់ដើម»។
យ៉ាងណាមិញ បន្ទាប់ពីរូបគេបានបញ្ចប់ថ្នាក់វិទ្យាល័យមក ក្នុងឆ្នាំសិក្សា ២០២១ នេះ Wolfe ទទួលបានអាហារូបករណ៍នៅក្នុងសកលវិទ្យាល័យ Bluffton ក្នុងរដ្ឋ Ohio ដែលជារឿងមួយដែលគួរឱ្យសរសើរពីការខិតខំប្រឹងប្រែងរបស់គេ៕
ប្រភព៖ 9GAG