នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ បានផ្ដល់ព័ត៌មាន ក៏ដូចជាចំណេះដឹងទាក់ទងទៅនឹងជំងឺអុតស្វា (Monkeypox) ដែលបាន និង កំពុងឆ្លងនៅទ្វីបអឺរ៉ុប អាមេរិក និង កាណាដា។
ក្នុងនោះ ខាងនាយកដ្ឋាន បានបញ្ជាក់នូវរោគសញ្ញានៃជំងឺអុតស្វា ដែលមានដូចជា ៖
– ក្ដៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និង ចេញកន្ទួលដែលមានពងបែក
– កន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃ និង បាតជើង
– មាត់ ប្រដាប់ភេទ និង ភ្នែក អាចរងផលប៉ះពាល់ដែរ
– រោគសញ្ញា និង កន្ទួលលើស្បែក មានរយៈពេលជាច្រើនសប្តាហ៍។
បន្ថែមលើសពីនេះ ខាងនាយកដ្ឋាន ក៏បានណែនាំនូវវិធីសាស្ត្រ ៥ យ៉ាង ដើម្បីការពារការឆ្លងជំងឺអុតស្វានេះ ដោយត្រូវអនុវត្តដូចខាងក្រោម៖
– រក្សាអនាម័យខ្លួនប្រាណ លាងដៃជានិច្ចជាមួយសាប៊ូ ឬ ជែលលាងដៃ ឬ អាល់កុលលាងដៃ និង រក្សាអនាម័យផ្លូវដង្ហើម
– ចៀសវាងការប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកជំងឺអុតស្វា
– អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ដោយប្រើស្រោមអនាម័យ
– បរិភោគចំណីអាហារដែលឆ្អិនល្អ និង រក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ
– ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬ ស្លាប់។
សូមរំឭកផងដែរថា គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ កម្ពុជា ពុំទាន់មានករណីឆ្លងនៅឡើយនោះទេ នូវករណីជំងឺអុតស្វានេះ ដោយមានតែករណីនាំចូលមួយករណី លើជនជាតិនីហ្សេរីយ៉ា ដែលបានលួចរត់ចេញពីប្រទេសថៃ និង មានអ្នកពាក់ព័ន្ធចំនួន ០៥ នាក់ ដែលកំពុងដាក់ខ្លួនដោយឡែក និង ធ្វើការតាមដាន ខណៈពួកគេពុំទាន់មានលទ្ធផលវិជ្ជមាន ឬ មានរោគសញ្ញាណាមួយនោះឡើយ៕