(វីដេអូ) ក្រោយគ្រោះក្លាយជាលាភ ឪពុកម្ដាយមកលុតជង្គង់ក្រាបអរគុណទាំងរំជួលចិត្ត ដល់បុរសដែលសង្គ្រោះកូន
កាលពីពេលថ្មីៗកន្លងទៅ ហេតុការណ៍ដ៏តក់ស្លុតមួយនៅប្រទេសចិន បានផ្ទុះការចាប់អារម្មណ៍ និង ចែកចាយពាសពេញបណ្ដាញសង្គម ដោយបុរសវ័យក្មេងម្នាក់នៅខេត្ត Zhejiang ប្រទេសចិន ត្រូវមហាជនហៅថាជាវីរបុរស ក្រោយរូបលោកបានជួយសង្គ្រោះជីវិតក្មេងស្រីតូចម្នាក់ ដែលបានធ្លាក់ពីបង្អួចអគារជាន់ទី ៥។
នៅថ្ងៃកើតហេតុ បុរសជាអ្នកសង្គ្រោះដែលត្រូវជាបុគ្គលិកធនាគារម្នាក់ កំពុងបំពេញការងារនៅក្បែរនោះ បានក្រឡេកឃើញក្មេងស្រីម្នាក់រមៀលធ្លាក់ពីបង្អួចអគារជាន់ទី ៥ មកលើដំបូលស័ង្កសីនៅជាន់ទី ១។ ភ្លាមៗបុរសជាបុគ្គលិកធនាគាររូបនោះ បានទាញទូរស័ព្ទទាក់ទងទៅខាងឡានពេទ្យ ប៉ុន្តែស្រាប់តែឃើញក្មេងនោះរមៀលធ្លាក់ពីដំបូលមក រូបគេប្រតិកម្មភ្លាមៗ ដោយបោះទូរស័ព្ទ រួចក៏យកដៃទ្រឱបក្មេងស្រីរងគ្រោះតែម្ដង។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយរូបនាងរងរបួសត្រង់ជើង និង ប៉ះពាល់ផ្នែកសួត ប៉ុន្តែស្ថានភាពសុខភាពរបស់នាងគឺនឹងនឡើងវិញហើយ។
ដោយឡែកវីដេអូថ្មីមួយទៀត ត្រូវបានបង្ហោះឡើងពាសពេញបណ្ដាញសង្គម ដែលកាន់តែធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនកាន់តែរំជួលចិត្តថែមទៀត។ តាមរយៈវីដេអូនោះដែរ បានបង្ហាញឱ្យឃើញថា ក្រោយក្មេងស្រីរងគ្រោះជាសះស្បើយពីរបួស ឪពុកម្ដាយរបស់ក្មេងស្រីរូបនោះ គឺមិនភ្លេចឡើយនៅគុណដ៏ធំធេងបំផុត ដែលបុរសជាបុគ្គលិកធនាគារជួយសង្គ្រោះជីវិតកូនរបស់ពួកគេ។
ក្នុងវីដេអូនោះ ពួកគេបានជូនបាច់ផ្កាយ៉ាងធំមួយឱ្យទៅបុរសរូបនោះ ហើយពួកគេរំជួលចិត្តយ៉ាងខ្លាំងរហូតលុតជង្គង់ក្រាបអរគុណអស់ពីចិត្ត ព្រោះថាបើបុរសរូបនោះមិនប្រតិកម្មចាប់កូនស្រីពួកគេទាន់ពេលវេលានោះទេ ម្ល៉េះកូនស្រីនោះបែបគ្មានសំណាងមកឈរនៅពីមុខពួកគេបែបនេះឡើយ៕