នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC បានបញ្ជាក់ជូនចំណេះដឹងបន្ថែម ជុំវិញករណីជំងឺ អុតស្វា ដែលជាជំងឺឆ្លងគួរឱ្យព្រួយបារម្ភ ដែលអង្គការសុខភាពពិភពលោក WHO ទើបនឹងបានប្រកាសអាសន្នជាផ្លូវការនាពេលថ្មីៗនេះ។
ក្នុងនោះ ខាងនាយកដ្ឋានបានបញ្ជាក់ឱ្យបានដឹងថា ភាពខុសគ្នាសំខាន់របស់ជំងឺអុតស្វា គឺមានហើមកូនកណ្ដុរ ប្រៀបធៀបជំងឺដទៃទៀត ដែលមានកន្ទួលពងបែកស្រដៀងគ្នា ដូចជា ជំងឺអុតស្វាយ និងជំងឺកញ្ជ្រិល ជាដើម។
គួររឱ្យដឹងបន្ថែមផងដែរថា ករណីសង្ស័យជំងឺអុតស្វា មានកន្ទួល ឬ ពងបែក លើដៃ បាតដៃ បាតជើង ឬ លើមុខ និង មានរោគសញ្ញាមួយ ឬ ច្រើន ដូចជា គ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្តុរ ឈឺក្បាល ឈឺខ្នង ដែលចាំបាច់គួរពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬ ទូរស័ព្ទទៅលេខ ១១៥៕