អាសូរណាស់! ទារក អាយុ ៥ ខែ បាត់បង់ជី-វិ-ត ក្រោយស្នាដៃជនសង្ស័យជាឪពុក
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ នេះ CPU បានជូនដំណឹង អំពីករណីស្លាប់របស់កុមារអាយុ ៥ ខែ ដែលមានឈ្មោះថា ធី ខេមរ៉ា ភេទប្រុស ដោយបានបាត់បង់ជីវិតពេលកំពុងបញ្ជូនពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ទៅទទួលការព្យាបាលបន្តនៅមន្ទីពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ។
ចំពោះរឿងនេះ អង្គភាពការពារកុមារ (CPU) បានបញ្ជូនក្រុមការងារស៊ើបអង្កេត ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចុះទៅពិនិត្យកន្លែងកើតហេតុស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយម្តាយរបស់សាកសព ឈ្មោះ ពែក សៅតេ អាយុ ២៤ ឆ្នាំ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុក ដោយរៀបរាប់ថា កុមាររងគ្រោះតែងតែរងនូវការហិង្សា ហើយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គាត់បានចេញទៅស្ទូងស្រូវ ស្រាប់តែពេលត្រលប់មកផ្ទះវិញ ក៏បានឃើញកូនប្រុស មានអាការៈមិនស្រួល និងមានរបួសមួយចំនួន ហើយក៏បានបញ្ជូនទៅកាន់មន្ទីពេទ្យ។
ទន្ទឹមនោះ យោងតាមការពិនិត្យកោសល្យវិច័យទៅលើសាកសព បានឃើញថា កុមាររងគ្រោះ បានរងរបួសធ្ងន់ធ្ងរជាច្រើន ដែលមិនអាចកើតឡើងដោយចៃដន្យ ហើយរបួសទាំងនេះជាមូលហេតុបង្កឱ្យរូបគេស្លាប់។ ចំណុចដែលមន្ត្រីជំនាញ បានកត់សំគាល់ គឺស្នាមរបួស, សម្លាក, ស្នាមរលាក និងរបួសបាក់ឆ្អឹង ជាច្រើននៅលើដងខ្លួន ដែលបង្ហាញពីទារុណកម្មដែលបានប្រព្រឹត្តទៅលើកុមាររងគ្រោះ រហូតឈានដល់ការស្លាប់ បាត់បង់ជីវិតគួរឱ្យអាសូរ។
ក្រោយពិនិត្យឃើញបែបនេះ បុរសឈ្មោះ បឿន រ័ត្នធី អាយុ ២៩ ឆ្នាំ ដែលត្រូវជាឪពុករបស់ជនរងគ្រោះ និងជាជនសង្ស័យប្រើអំពើហិង្សាលើកូនខ្លួនឯង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទទួលទោស ពីបទឃាតកម្មដោយចេតនា និង បទល្មើស ទារុណកម្មទៅលើកុមារ៕