បងប្អូនមានចាប់អារម្មណ៍ទេ ថាថ្ងៃនេះ Google បានផ្លាស់ប្តូររូបចលនាឡើងទាក់ទាញ និងគួរឱ្យស្រឡាញ់ជាខ្លាំង ដែលវាជារូបតុកក្កតាបោះបាល់ទៅលើដី។
បើនិយាយពីអត្ថន័យរបស់រូបនេះវិញ គឺវាជារូបតំណាងឱ្យកីឡាដ៏ពេញនិយមរបស់បារាំង ដែលមានឈ្មោះថា Petanque ឬភាគច្រើនខ្មែរយើងហៅថា កីឡាបោះបាល់ ឬបោះ Boule។
កីឡាបោះ Boule មានប្រវត្តិជាយូរលង់ណាស់មកហើយ ចាប់តាំងសម័យបុរាណរ៉ូម មុនពេលធ្លាយទៅដល់ប្រទេសក្រិច និងអេហ្ស៊ីប។ ហើយនៅសតវត្សទី ១៩ ទម្រង់នៃកីឡា Boules ក៏បានសាយភាយចូលដល់ប្រទេសបារាំងហើយត្រូវបានកែប្រែថ្មីឡើង ដោយម្ចាស់ហាងកាហ្វេមួយរូប ដែលរស់នៅក្នុងតំបន់ Provence ប្រទេសបារាំង នៅឆ្នាំ ១៩០៧។
ម្ចាស់ហាងកាហ្វេរូបនោះបានច្នៃទម្រង់ដើមនៃទីលានលេងកីឡានេះ ដោយកាត់បន្ថយមកឱ្យខ្លីត្រឹមពាក់កណ្តាលទីធ្លាលេងចាស់ ដើម្បីជួយសម្រួលដល់មិត្តភក្តិគាត់ដែលមានឈ្មោះថា Jules Lenoir ដែលជាអតីតកីឡាកររត់ប្រណាំងម្នាក់ បានធ្លាក់ខ្លួនឈឺជំងឺសន្លាក់ឆ្អឹងធ្ងន់ធ្ងរមិនអាចរត់ឆ្ងាយទៀតបាន។
ហើយជំនួសឱ្យការរត់ទៅបោះប៊ូល ម្ចាស់ហាងកាហ្វេនោះបានយកដីស មកគូសរង្វង់នៅលើដី ហើយហៅវាថាជាទីដាំជើងមុនបោះ (Feet Planted)។ ពួកគេទាំង ២ បានហៅល្បែងថ្មីនេះថា Pieds Tanques។ ភាពកម្សាន្តរបស់កីឡានេះបានរីកសាយភាយយ៉ាងលឿនពេញប្រទេសបារាំង ហើយក្លាយជាកីឡាដ៏ពេញនិយមដែលប្រជាជនបារាំងចូលចិត្តលេង រួចក្រោយមកគេក៏បានហៅកាត់ថា Petanque រហូតដល់សព្វថ្ងៃ។
ច្បាប់នៃល្បែងនេះគឺងាយណាស់ ដោយគ្រាន់តែបោះបាល់ក្រុមរបស់អ្នក (បាល់អាចជាដែក ឬថ្ម) ឱ្យទៅជិត Boule គោលដៅ។ ក្រុមណាដែលបោះជិត Boule គោលដៅជាងនឹងទទួលបានពិន្ទុ។ ក្នុងមួយជុំគិតជា ១០ ពិន្ទុ ហើយក្រុមណាបាន ៣០ ពិន្ទុ នឹងក្លាយជាក្រុមឈ្នះ។ បើមើលទៅហាក់ងាយស្រួល ប៉ុន្តែអ្នកលេងអាចប្រើល្បិចផ្សេងៗ ដើម្បីទាញយកប្រយោជន៍ ដូចជាការគប់គ្រាប់បាល់សត្រូវឱ្យឃ្លាតឆ្ងាយពី Boule គោលដៅជាដើម។
សព្វថ្ងៃនេះ កីឡា Petanque មិនត្រឹមតែជាល្បែងកម្សាន្តជាមួយមិត្តភក្តិប៉ុណ្ណោះទេ តែវាក៏បានយកមកលេងប្រកបដោយការប្រកួតប្រជែងកម្រិតថ្នាក់តំបន់ ថ្នាក់ជាតិ និងអន្តរជាតិទូទាំងពិភពលោកផងដែរ៕