អាកាសធាតុក្ដៅពេក អ្នកកាត់ដេរនៅជប៉ុន បែកគំនិតច្នៃអាវដាក់កង្ហារឱ្យសត្វចិញ្ចឹម
អ្នកកាត់ដេរសម្លៀកបំពាក់ម្នាក់នៅទីក្រុង Tokyo បានចាប់ដៃគ្នាជាមួយក្រុមពេទ្យសត្វ ដើម្បីច្នៃឈុតអាវមានកង្ហារ សម្រាប់សត្វចិញ្ចឹម ក្នុងបំណងទាក់ទាញអ្នកចិញ្ចឹមសត្វទាំងឡាយ ដែលចង់ជួយសម្រួលដល់សត្វចិញ្ចឹមរបស់ពួកគេក្នុងរដូវកាលនៃអាកាសធាតុក្ដៅខ្លាំងនេះ។
ឈុតពិសេសនេះដែរ រួមមកមានជាមួយកូនកង្ហាដាក់ថ្មមួយ ដែលភ្ជាប់ទៅនឹងសាច់ក្រណាត់អាវ និង អាចបញ្ចេញខ្យល់សាយភាយពាសពេញរាងកាយរបស់សត្វ។
បើតាមសម្ដីរបស់នាង Rei Uzawa ប្រធានហាងកាត់ដេរ Sweet Mommy បានឱ្យដឹងថា នាងបានកើតគំនិតចង់បង្កើតឈុតអាវមានកង្ហារនេះ ក្រោយពេលនាង ឃើញសត្វឆ្កែចិញ្ចឹមរបស់នាងប្រភេទ chihuahua គឺហត់ដង្ហក់រាល់ពេលដែលនាំវាដើរលេងនៅក្រៅក្រោមកម្ដៅក្ដៅហែង។
គួរឱ្យដឹងថា ឈុតអាវមានកង្ហារនេះដែរ បានលក់តាំងពីដើមខែកក្កដា កន្លងទៅ ដោយហាង Sweet Mommy ទទួលបានការកុម៉្មង់ប្រមាណជា ១០០ ឈុត។ ឈុតនេះ ច្នៃមកមានទំហំ ៥ ខុសៗគ្នា និងមានតម្លៃ ៩ ៩០០ យេន (៧៥ ដុល្លារ)៕