ក្ដៅៗ! បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ពេលនេះបានជាសះស្បើយហើយ
នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង CDC នៅព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ បានជូនដំណឹងឱ្យបានដឹងថា បុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ពេលនេះបានជាសះស្បើយហើយ ដោយបច្ចុប្បន្នក្រុមគ្រូពេទ្យដាក់ឱ្យនៅដាច់ដោយឡែក ០៧ ថ្ងៃទៀត។
គួររំឭកផងដែរថា កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការរកឃើញបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ផ្ទុកមេរោគអុតស្វា ដែលបានបញ្ជាក់ និង រត់គេចពីប្រទេសថៃចូលមកកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ខណៈអ្នកជំងឺរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយមានករណីនេះ មន្ត្រីជាន់ខ្ពស់ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ឌឌីន ធ្លាប់បានបញ្ជាក់ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ឱ្យបានដឹងថា ៖ «មកទល់ពេលនេះ យើងរកឃើញអ្នកដែលពាក់ព័ន្ធនឹងបុរសជនជាតិនីហ្សេរីយ៉ា ចំនួន ០៥ នាក់ហើយ តែជាករណីដែលពាក់ព័ន្ធប៉ុណ្ណោះ ហើយយើងបានណែនាំឱ្យពួកគាត់នៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់ ដើម្បីរង់ចាំលទ្ធផលបញ្ជាក់ជាផ្លូវការ។ ពួកគាត់ទាំង ០៥ នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ។ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគាត់ និង តាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និង រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និង ត្រូវបានឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ»៕