រ-.ន្ធ-ត់! រន្ទះបា-..ញ់រោងចក្រប្រេងនៅប្រទេសគុយបា របួស និង បាត់ខ្លួនមនុស្សជាង ១០០ នាក់
កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានផ្ទុះឆាបឆេះឡើងនៅរោងចក្រស្តុកប្រេងឆៅមួយកន្លែង នាទីក្រុង Matanzas ប្រទេសគុយបា។
រហូតមកដល់យប់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ (ពេលវេលាក្នុងតំបន់) សេចក្ដីរាយការណ៍បានឱ្យដឹងថា មនុស្សប្រមាណ ១២១ នាក់ បានរងរបួស ដោយក្នុងនោះ ៥ នាក់រងរបួសធ្ងន់ធ្ងរ ខណៈមនុស្សម្នាក់ បានប្រកាសថា ស្លាប់ និង អ្នកពន្លត់អគ្គិភ័យ ១៧ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ បន្ថែមពីលើនេះទៀត ពលរដ្ឋប្រមាណ ១ ៣០០ នាក់ក្នុងក្រុង Matanzas ដែលរស់នៅក្បែរកន្លែងកើតហេតុនោះ ក៏ត្រូវបានជម្លៀសចេញផងដែរ។
គួរឱ្យដឹងថា កាលពីថ្ងៃទី ០៥ ខែសីហាកន្លងទៅនោះ រន្ទះបាញ់លើរោងចក្រស្តុកប្រេងឆៅ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ រហូតមកដល់ព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ អគ្គិភ័យក៏បានរាលដាលឆេះដល់អាងស្តុកប្រេងទី ២ បង្កជាផ្សែងខ្មៅខ្មួលខ្មាញ់ពាសពេញជាងក្រុង Matanzas។
បើតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា អាងស្តុកប្រេងដំបូង គឺផ្ទុកប្រេងឆៅប្រមាណ ២៦ ០០០ ម៉ែត្រគីប ឬអាចនឹងប្រហែលពាក់កណ្ដាលនៃចំណុះនោះ នៅពេលដែលវាត្រូវបានរន្ទះបាញ់។ ដោយឡែកអាងទី ២ វិញ គឺផ្ទុកប្រេងចំណុះ ៥២ ០០០ ម៉ែត្រគីប។
ក្រោយហេតុការណ៍ ក្រុមសង្គ្រោះ បាននាំគ្នាចុះប្រតិបត្តិការពន្លត់អគ្គិភ័យដ៏ខ្លាំងក្លានោះភ្លាមៗ ប៉ុន្តែដោយសារតែអគ្គិភ័យធ្ងន់ធ្ងរពេក ការពន្លត់ឱ្យរលត់គឺលំបាក និង ទាមទារពេលវេលាមែនទែន។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញ បានបង្ហាញក្ដីបារម្ភដែរថា ប្រសិនបើអគ្គិភ័យនៅតែមិនអាចគ្រប់គ្រងបានឆាប់ៗនេះទេ រឿងអាក្រក់នោះគឺថា រាល់អាងស្តុកប្រេងទាំង ៨ នៅផែមួយនោះ នឹងត្រូវឆាបឆេះបន្តគ្នា ហើយវានឹងបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ៕