គុយបា ស្នើសុំជំនួយអន្តរជាតិហើយ ក្រោយភ្លើងឆេះនៅរោងចក្រប្រេងឆៅគ្រប់គ្រងលែងបាន
អគ្គិភ័យ ដែលបង្កឡើងដោយរន្ទះបាញ់ នៅរោងចក្រស្តុកប្រេងឆៅមួយកន្លែងក្នុងក្រុង Matanzas ប្រទេសគុយបា គឺឆាបឆេះខ្លាំងគ្រប់គ្រងលែងបានហើយ បណ្ដាលឱ្យមានការផ្ទុះចំនួន ៤ ដង ធ្វើឱ្យមនុស្ស ១២១ នាក់រងរបួស និង អ្នកពន្លត់អគ្គិភ័យចំនួន ១៧ នាក់កំពុងបាត់ខ្លួន។ ក្នុងនោះដែរ អាជ្ញាធរគុយបា បានរកឃើញសាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។
ក្រុមអ្នកពន្លត់អគ្គិភ័យ រួមជាមួយក្រុមជំនាញដទៃផ្សេងទៀត មកទល់ពេលនេះ នៅកំពុងបន្តប្រតិបត្តិការពន្លត់ភ្លើងនៅឡើយ។ បើតាមរដ្ឋាភិបាលប្រទេសគុយបា បានឱ្យដឹងថា ពួកគេបានធ្វើការស្នើសុំជំនួយពីខាងអន្តរជាតិ ដែលមានបទពិសោធលើផ្នែកប្រេងនេះ ឱ្យជួយក្នុងការពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅមួយនេះ។
ក្រោយការដាក់ស្នើ ប្រធានាធិបតីប្រទេសគុយបា Miguel Díaz-Canel ក៏បានធ្វើការអរគុណចំពោះប្រទេស Mexico, Venezuela, Russia, Nicaragua, Argentina និង Chile ចំពោះការផ្ដល់ជាជំនួយដល់ប្រទេសខ្លួនភ្លាមៗផងដែរ។
តាមភ្នាក់ងារសារព័ត៌មានគុយបា បានឱ្យដឹងថា រន្ទះបាញ់បានវាយប្រហារលើអាងស្តុកប្រេងមួយ បង្កទៅជាការឆាបឆេះ ហើយក្រោយមកភ្លើងក៏បានរាលដាលឆាបឆេះទៅអាងស្តុកប្រេងទី ២។ ក្នុងប្រតិបត្តិការពន្លត់ភ្លើង ខាងក្រុមពន្លត់អគ្គិភ័យនាំគ្នាព្យាយាមបាញ់ពន្លត់ខាងក្រោម ខណៈឧទ្ធម្ភាគចក្រយោធា បានធ្វើការហោះបាចសាចទឹកពីខាងលើ បើទោះបីជាអគ្គិភ័យនៅមិនទាន់គ្រប់គ្រងបានក៏ពិតមែន៕