កាន់តែធ្ងន់ធ្ងរ! ភ្លើងឆេះរោងចក្រប្រេងនៅគុយបា រាលដាលឆេះរលំដល់អាងស្តុកប្រេងទី ៣ ហើយ
គិតមកទល់ពេលនេះ ក្រុមពន្លត់អគ្គិភ័យ គឺកំពុងតែបន្តប្រយុទ្ធនឹងភ្លើងឆេះដ៏សន្ធោសន្ធៅ ដែលបានផ្ទុះឆេះក្នុងរោងចក្រស្តុកប្រេង នាក្រុង Matanzas ប្រទេសគុយបា។ អគ្គិភ័យគឺកាន់តែវិវដ្តទៅជាអាក្រក់ឡើង ក្រោយភ្លើងរាលដាលឆេះទៅដល់អាងស្តុកប្រេងទី ៣ ដែលបណ្ដាលឱ្យអាងដួលរលំនៅល្ងាចថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ (វេលាក្នុងតំបន់)។
ក្រុមសង្គ្រោះ បានព្យាយាមប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីបាចសាចទឹកទៅលើអាងស្តុកប្រេងដទៃដែលមិនទាន់បានភ្លើងរាលដាលដល់ ដើម្បីបញ្ចៀសពីការឆាបឆេះបន្តទៀត។ ទោះជាយ៉ាងណា ការប្រឹងប្រែងបញ្ចៀសការរាលដាលឆេះទៅអាងស្តុកប្រេងដទៃទៀតនោះ គឺហាក់មិនទទួលបានផលល្អឡើយ ក្រោយអាងស្តុកប្រេងទី ៣ ឆាបឆេះរហូតដួលរលំនោះ។
គួរឱ្យដឹងថា គិតមកត្រឹមពេលនេះ មនុស្សម្នាក់រកឃើញថាបានស្លាប់ ដោយជនរងគ្រោះត្រូវបានគេស្គាល់ថា ជាអ្នកពន្លត់អគ្គិភ័យវ័យ ៦០ ឆ្នាំ ឈ្មោះ Juan Carlos Santana។ ក្រៅពីនេះ អ្នកពន្លត់អគ្គិភ័យ ១៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈមនុស្ស ១២២ នាក់រងរបួស ដោយរួមមាន ៥ នាក់រងរបួសធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលវេលាដ៏លំបាក និង រន្ធត់មួយនេះ ប្រទេសគុយបា ក៏ទទួលបានជំនួយពីបណ្ដាប្រទេសមួយចំនួនផងដែរ ដូចជា Mexico, Venezuela និង រុស្ស៊ីជាដើម ក្នុងការជួយពន្លត់អគ្គិភ័យដ៏អាក្រក់បំផុតមួយនេះ៕