សោកស្តាយ! ៧ នាក់បានបាត់បង់ជីវិត និង បាត់ខ្លួនច្រើននាក់ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងវាយប្រហារក្រុងសេអ៊ូល
នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នេះ បើតាមការបញ្ជាក់ពីអាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ៖ «ត្រឹមតែរយៈពេលមួយយប់ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់បាត់បង់ជីវិត និង ៦ នាក់ផ្សេងទៀតបាត់ខ្លួន។ ឯចរន្តអគ្គិសនីត្រូវបានដាច់ ផ្លូវថ្នល់ និង រថភ្លើងក្រោមដីព្រមទាំងទីប្រជុំជនមួយចំនួន ត្រូវបានលិចលង់ស្ទើរអស់»។
តាមរបាយរាយការណ៍បន្ថែមពីអជ្ញាធរ គឺមានមនុស្ស ១៦៣ នាក់មកពី ១០៧ គ្រួសារនៅក្នុងក្រុងសេអ៊ូល ត្រូវបានបង្ខំចិត្តទុកផ្ទះសម្បែងចោល និង បានមកជ្រកកោននៅក្នុងសាលារៀន និង កន្លែងសាធារណៈផ្សេងៗទៀត។ លើសពីនេះទៅទៀតផ្លូវថ្នល់ប្រហែល ៨០, ផ្លូវក្រោមដីចំនួន ៣ ខ្សែ និង ចំណតរថយន្តនៅតាមមាត់ទន្លេចំនួន ២៦ ចំណត ត្រូវបានបិទដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។
ទន្ទឹមនឹងនោះ បើងាកទៅមើលតំបន់ផ្លូវ Gangnam អគារមួយចំនួនត្រូវបានដាច់ចរន្តអគ្គិសនី និង ត្រូវបានជន់លិច ខណៈដែលរថយន្ត ឡានក្រុង និង ស្ថានីយរថភ្លើងក្រោមដី ក៏ត្រូវបានជំនន់ទឹកភ្លៀងជន់លិចស្ទើរគ្មានសល់ បណ្តាលឱ្យមនុស្សមួយចំនួនបានជាប់គាំង ឯចំណែកហាងទំនិញ និង អាហារមួយចំនួន ក៏ត្រូវបានលិចលង់អស់ជាច្រើនថែមទៀតផង។
គួរឱ្យដឹងដែរថា កាលពីល្ងាចថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ភាគខាងត្បូងនៃទីក្រុងសេអ៊ូលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយមានផ្នែកខ្លះនៃទីក្រុងនេះបានរងជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាស្ទើរមិនគួរឱ្យជឿ ដែលមិនធ្លាប់កើតមានមករយៈពេល ៨០ ឆ្នាំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់ពីរដ្ឋបាលឧតុនិយមកូរ៉េ (KMA)៕
ប្រភព៖ Yonhap News Agency