រំភើបណាស់! ទីបំផុតបដិមាខ្មែរអាយុរាប់រយឆ្នាំ ចំនួន ៣០ រូបទៀត នឹងវិលត្រឡប់មកកម្ពុជាវិញឆាប់ៗនេះ
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ រូប ពីសហរដ្ឋអាមេរិក ឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។
ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យដឹងថា វត្ថុទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ខណៈក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ «ព្រះស្កន្ទគង់លើក្ងោក» និង «ព្រះគណេស» ដែលត្រូវបាន លួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី ១០ នៃគ.ស.។
ទន្ទឹមនឹងនេះ ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង ៣០ រូបមកកម្ពុជា ក្នុងពេលវេលាខាងមុខនេះ ហើយក្រសួងនឹងជូនព័ត៌មានបញ្ជាក់បន្ថែមនៅពេលវត្ថុទាំងនេះមកដល់កម្ពុជា៕
សូមអានសេចក្ដីជូនព័ត៌មានលម្អិតនៅខាងក្រោម ៖