ចាំទូក ង កម្ពុជា ជាប់កំណត់ត្រាពិភពលោកទេ? ពេលនេះ រោងសម្រាប់តម្កល់ សាងសង់ឡើង ជិតរួចរាល់ហើយ
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះ តាមរយៈផេកផ្លូវការរបស់ឯកឧត្តម បានបញ្ជាក់ឱ្យបានដឹងថា ការសាងសង់រោងទូក ង វែងជាងគេលើពិភពលោក «កម្ពោជិកបុត្តាខេមរាតរី» សម្រេចបាន ៧០ % ហើយ។
គួរឱ្យដឹងផងដែរថា ទូក ង ខ្មែរដ៏អស្ចារ្យ និងជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលចុះវាយតម្លៃផ្ទាល់ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ពេលនេះបាន និងកំពុងសាងសង់រោងសម្រាប់ដាក់តាំងបង្ហាញជូនសាធារណជន ទស្សនា និងផ្តិតយករូបភាព នៅភូមិលេខ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្តព្រៃវែង)។
ជាលទ្ធផល ការសាងសង់រោងទូក ង គិតមកដល់ពេលនេះ សម្រេចបាន ៧០% ហើយ និងគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ ២០២២ នេះ ដែលមានទំហំទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ កម្ពស់ ១១ម៉ែត្រ លើផ្ទៃដី ២ ៤៩២ម៉ែត្រការេ។
សូមរំឭកផងដែរថា ទូក ង «កម្ពោជិកបុត្តាខេមរាតរី» ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩ នាក់៕