ស្មានតែស្រុកគេ! ឃើញផ្លូវកាច់កោងលើវាលស្រែ ទេសភាពស្អាតជាប់ជើងភ្នំ តាមពិតស្ថិតនៅក្នុងខេត្តមួយនេះសោះ
មិនត្រឹមតែជាទីស្ថាន ដែលសម្បូរទៅដោយប្រាង្គប្រាសាទនោះទេ ទឹកដីខេត្តសៀមរាប ថែមទាំងជាភូមិសាស្ត្រដែលសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនទៀតផង ទើបតែបង្កើតឡើងថ្មីៗ ដែលក្នុងនោះ មានទាំងភូមិឋានស្នាក់នៅតាមបែបស្រុកស្រែចម្ការ តំបន់លម្ហែបែបមាត់ទឹក និង បែបវាលស្រែធម្មជាតិទៀតផង ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តដើរកម្សាន្ត និង ថតរូបលេង។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» នាំអារម្មណ៍ប្រិយមិត្ត មកស្គាល់កន្លែងកម្សាន្តថ្មីមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលនៅទីនោះត្រូវបានគេនិយមហៅថា «ស្ពានពស់ អូរមានជ័យ»។
ស្ថិតនៅក្នុងភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប «ស្ពានពស់ អូរមានជ័យ» ជាកន្លែងកម្សាន្តធម្មជាតិ ដែលមានបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និង ប្លែកអារម្មណ៍ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ និង ស្ពានវែងអន្លាយអូសកាច់កោងនៅលើវាលស្រែ លាតសន្ធឹងល្វឹងល្វើយ កៀកជើងភ្នំ គួរជាទីមនោរម្យក្រៃលែង។
អ្វីដែលកាន់តែពិសេសទៀតនោះ ទីតាំងដ៏ស្រស់ត្រកាលមួយនេះ ច្នៃឡើងដោយមានប្លង់ថតរូបស្អាតៗជាច្រើន អាចមើលឃើញទេសភាពពីជើងភ្នំ ស័ក្តិសមសម្រាប់អ្នកចូលចិត្តថតរូបបែបគូស្នេហ៍ មិត្តភក្តិ គ្រួសារ និង Pre-Wedding ជាដើម។
យ៉ាងណាមិញ ដើម្បីទៅដល់ទីស្ថានមួយនេះ តម្រូវឱ្យប្រិយមិត្តជិះទៅពីប្រាសាទបឹងមាលា ប្រហែល ៥ គីឡូ ដោយនៅខាងឆ្វេងដៃ មានខ្លោងទ្វារសាលាបឋមសិក្សាអូរមានជ័យ ជិះចូលតាមខ្លោងទ្វារសាលា ជិះត្រង់ទៅរកជើងភ្នំតែម្ដង៕
រូបភាព ៖ តោះទៅលេងសៀមរាប