មកស្គាល់កូនខ្មែរ អ្នកខេត្តព្រៃវែង អាចសូនរូបដូចពិតៗស្ទើរបេះបិទ ផ្ទុះការសរសើរខ្លាំង
នាពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ នូវស្នាដៃវិចិត្រករមួយរូប ដែលមានសមត្ថភាពគូររូប និងសូនរូបយ៉ាងស្ទាត់ជំនាញ និងដូចរូបដើមស្ទើរតែ ១០០ % ទទួលបានការស្ញើចសរសើរពីសំណាក់មហាជន។
វិចិត្រករដ៏ជំនាញខាងលើមានឈ្មោះ ប៊ិន ឆារ៉ាន់ ចាប់អាជីពការងារនេះ តាំងពីឆ្នាំ ១៩៩៨ នៅភូមិសាស្ត្រ ភូមិព្រៃដើមថ្នឹងទី ២ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ក្រោមបទពិសោធន៍ការងារជាងពីរទសវត្សរ៍មកនេះ លោកបានខិតខំស្រាវជ្រាវ ហ្វឹកហ្វឺនសមត្ថភាពបន្ថែមជាប្រចាំ ដើម្បីអោយស្នាដៃកាន់តែមានភាពលេចធ្លោ និងមានការទទួលស្គាល់ពីមហាជន ខណៈស្នាដៃរបស់លោកមានដូចជា សូនរូបមុខដូច ចម្លាក់ផុស គំនូរមុខដូច និងគំនូរទូទៅ។
ទន្ទឹមនោះ តាមរយៈមន្ទីរពាណីជ្ជកម្មខេត្តព្រៃវែង កន្លងមកបានបញ្ជាក់ឱ្យដឹងថាលោក ប៊ិន ឆារ៉ាន់ ចំណាយពេល ២ សប្ដាហ៍ ដើម្បីសូនរូបមុខដូចមួយ និងចំណាយពេល ២ ថ្ងៃដើម្បីគូរគំនូរមុខដូចមួយផ្ទាំង(១មx១.២ម) ព្រមទាំងចំណាយពេល ៣ ថ្ងៃដើម្បីបានគំនូរទូទៅមួយផ្ទាំង រឺអាចឆាប់ជាងនេះ ទៅតាមតម្រូវការបន្ទាន់របស់អតិថិជន ខណៈ ការសូនរូបមុខដូចរបស់លោក អាចធ្វើពីស្ពាន់ ជ័រស្មាច់ លង្ហិន ទង់ដែង ហើយតម្លៃនៃរូបប្រែប្រួលទៅតាមប្រភេទហ្នឹងដែរ។
បន្ថែមលើសពីនេះ វិចិត្រករ និងជាអ្នកសូនរូបខាងលើ លោកក៏ទទួលគូររូបតាមទីតាំងផ្សេងៗដូចជាវត្ត ព្រះវិហារ ហាងលក់ទំនិញជាដើមផងដែរ។ ដូច្នេះហើយ ទើបខាងមន្ទីរសូមឱ្យបងប្អូនជួយគាំទ្រស្នាដៃសិល្បៈដ៏កម្រ របស់វិចិត្រករខេត្តព្រៃវែងម្នាក់នេះ ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពភូមិឋាន ក៏ដូចជាមុខមាត់ខេត្តព្រៃវែង ទាំងមូលផងដែរ៕
ប្រភព ៖ មន្ទីរពាណីជ្ជកម្មខេត្តព្រៃវែង