មិនខុសពីស្រីលង្កា អ៊ីរ៉ាក់ឥលូវកំពុងវឹកវរ ក្រុមបាតុករសម្រុកចូលវិមានប្រធានាធិបតី ចាយជីវិតឱ្យដូចអភិជន
ក្រុមបាតុករជាច្រើន ដែលគាំទ្រមេដឹកនាំសាសនាលោក Moqtada al-Sadr បាននាំគ្នាសម្រុកចូលវិមានប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ ចាយជីវិតអភិជនយ៉ាងរីករាយនៅទីនោះ។
កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ក្រុមបាតុករជាច្រើន បាននាំគ្នាធ្វើបាតុកម្មយ៉ាងហិង្សានៅក្នុងទីក្រុង Baghdad ក្រោយមេដឹកនាំសាសនា Moqtada al-Sadr បានប្រកាសដកខ្លួនទាំងស្រុងចេញពីជីវិតនយោបាយ។ ក្នុងការប៉ះទង្គិចគ្នានោះដែរ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់ស្លាប់ និងជាង ៣៥០ នាក់ផ្សេងទៀតរងរបួស។ ក្នុងនោះដែរ ក្រុមបាតុករទាំងនោះ ក៏បានសម្រុកចូលវិមានប្រធានាធិបតីអ៊ីរ៉ាក់ ដោយពួកគេនាំគ្នាជប់លៀងក្នុងអាងទឹក ចាយជីវិតមួយប្រៀបដូចជាអភិជននៅទីនោះ។
គួរឱ្យដឹងថា សកម្មភាពរបស់ក្រុមបាតុករនៅអ៊ីរ៉ាក់ពេលនេះ គឺមានភាពស្រដៀងគ្នាទៅនឹងទិដ្ឋភាពនាក្រុង Colombo ប្រទេសស្រីលង្កា កាលពីខែមុន ដែលក្រុមបាតុករនាំគ្នាបំបុកចូលផ្ទះប្រធានាធិបតី និង ការិយាល័យនាយករដ្ឋមន្ត្រី អំឡុងពេលសេដ្ឋកិច្ច និង នយោបាយក្នុងប្រទេស កំពុងជួបវិបត្តិធ្ងន់ធ្ងរនោះ៕