ប្រទេសអេហ្ស៊ីប ប្រកាសរកឃើញករណីឆ្លងជំងឺអុតស្វាជាលើកដំបូង
កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងសុខាភិបាលប្រទេសអេហ្ស៊ីប បានប្រកាសរកឃើញករណីឆ្លងជំងឺអុតស្វាជាលើកដំបូងក្នុងប្រទេស ដោយអ្នកជំងឺរូបនោះ ជាបុរសសញ្ជាតិអេហ្ស៊ីប រស់នៅក្នុងប្រទេសនៅអឺរ៉ុប។
បើតាមព័ត៌មានបញ្ជាក់ថា អ្នកជំងឺរូបនោះបច្ចុប្បន្ន កំពុងធ្វើចត្តាឡីស័កខ្លួននៅមន្ទីរពេទ្យមួយកន្លែង ដោយស្ថានភាពរបស់លោកគឺនឹងនធម្មតាទេ។
មុនប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ខាងទីក្រុងហុងកុង ក៏បានប្រកាសរកឃើញករណីឆ្លងជំងឺអុតស្វាដំបូងក្នុងក្រុងរបស់ខ្លួនផងដែរ ដែលកើតមានឡើងលើអ្នកជំងឺភេទប្រុស វ័យ ៣០ ឆ្នាំ។ បុរសរូបនោះ បានធ្វើដំណើរពីប្រទេសហ្វីលីពីន ចូលទីក្រុងហុងកុង នៅថ្ងៃទី ០៥ ខែកញ្ញា ដោយអ្នកជំងឺរូបនោះ គឺជាអ្នករស់នៅក្នុងប្រទេសកាណាដា និង សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការប្រកាសថា ជំងឺអុតស្វា ជាជំងឺអាសន្នសុខភាពជាសកល ដោយគិតមកទល់ពេលនេះ ច្រើនជាង ៤១ ០០០ ករណីឆ្លង និង ស្លាប់ចំនួន ១២ នាក់ ត្រូវបានរកឃើញក្នុងប្រទេសចំនួន ៩៦ ដោយក្នុងនោះ សហរដ្ឋអាមេរិកមានច្រើនជាងគេ ចំនួន ៣៤ ភាគរយនៃករណីឆ្លងទូទាំងសកល៕