ព្រឹកនេះបិណ្ឌ ១ ហើយ! នេះជាម្ហូបអាហារដ៏ពេញនិយម ៥ មុខ តែងបង្ហាញខ្លួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមិនដែលខាន
ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថាធំជាងគេក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះមានរយៈពេល ១៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១ រោច ដល់ថ្ងៃទី ១៥ រោច ខែភទ្របទ្រ ហើយចាប់ពីថ្ងៃទី ១ រោច ដល់ថ្ងៃ ១៤ រោច គេហៅថា «ថ្ងៃដាក់បិណ្ឌ ឬ ថ្ងៃកាន់បិណ្ឌ» រីឯថ្ងៃ ១៥ រោច គេហៅថា «ថ្ងៃភ្ជុំបិណ្ឌ ឬ ភ្ជុំធំ» ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយក្នុងឱកាសភ្ជុំបិណ្ឌ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ ប្រជាជនខ្មែរតែងមានទម្លាប់ធ្វើចង្ហាន់ផ្សេងៗដើម្បីប្រគេនព្រះសង្ឃតាមទីវត្តអារាមផ្សេងៗតាមសទ្ធាជ្រះថ្លា។ ដោយឡែកម្ហូបអាហារខ្មែរដែលពេញនិយម និង មិនដែលអវត្តមានក្នុងពិធីបុណ្យនេះ យើងសង្កេតឃើញមានដូចជា ៖
១. ឆាមីសួ
ឆាមីសួ ជាម្ហូបអាហារដ៏ពេញនិយមបំផុតដែលប្រជាពលរដ្ឋខ្មែរធ្វើទៅប្រគេនព្រះសង្ឃ ដែលម្ហូបនេះគេអាចកែច្នៃទៅតាមលទ្ធភាព មានដាក់សាច់ជ្រូក ឬ បង្គា និង បន្ថែមបន្លែមួយចំនួនត្រូវនឹងមុខម្ហូបមួយនេះ។ មុខម្ហូបនេះដែរ ក៏ត្រូវបានគេផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ដោយសារតែក្នុងផ្នត់គំនិតខ្មែរជឿថា មានប្រេតមួយពួក ដែលប្រេតទាំងនោះមានមាត់តូចប៉ុនគូទម្ជុល ហើយមិនអាចបរិភោគចំណីអាហារដែលមានទំហំធម្មតាបានទេ។ ដូចនេះទើបពុទ្ធបរិស័ទដែលភ័យខ្លាចញាតិការបស់ខ្លួនមានបាបកម្មធ្លាក់ទៅចាប់កំណើតជាប្រេតជំពូកនេះ ក៏នាំគ្នាចម្អិនឆាមីសួយកទៅវត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសឱ្យដល់ប្រេតទាំងនោះអាចទទួលយកអាហារនេះបាន។
២. សម្លការី
សម្លការី ក៏ជាមុនម្ហូបពេញនិយមណាស់ដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយប្រជាពលរដ្ឋខ្មែរយើងតែងបានចម្អិនវាធ្វើចង្ហាន់ប្រគេនព្រះសង្ឃឯវត្ត ដើម្បីឧទ្ទិសដល់បុព្វការីជនដែលបានចែកឋានទៅនោះ។ សម្លការីនេះដែរ មានប្រវត្តិចូលមកក្នុងប្រទេសកម្ពុជាយូរយារណាស់មកហើយ ហើយត្រូវបានប្រជាជនខ្មែរទាំងក្រុងទាំងស្រែនិយមឱ្យតម្លៃរាប់ជាម្ហូបមានតម្លៃពិសេស ដែលច្រើនស្លតែពេលមានពិធីបុណ្យទាននានាសម្រាប់ធ្វើជាភោជនាហារទទួលភ្ញៀវពន្លឺ ឬ ប្រគេនព្រះសង្ឃ។ គេអាចស្លសម្លការីជាមួយសាច់ជាច្រើនប្រភេទតាម ចំណង់ចំណូលចិត្ត រួមមាន សាច់មាន់ ឆ្អឹងជំនីរជ្រូក ឬ សាច់គោ ហើយគេក៏អាចចម្អិនសម្លការីសម្រាប់ប្រគេនលោកឆាន់ជាមួយបាយ នំបញ្ចុក ឬ នំប៉័ង ក៏បាន។
៣. សម្លខជើងជ្រូកពងទា
សម្លខជើងជ្រូក ជាមុខម្ហូបសាមញ្ញមួយមុខដែលប្រជាជនយើងនិយមស្លប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌទៀងទាត់ជារៀងរាល់ឆ្នាំ មិនខុសពីសម្លការី និង ឆាមីសួនោះទេ ដោយសារសម្លនេះងាយស្រួលធ្វើ ហើយអាចរក្សាទុកបានយូរ និង អាចកម្តៅឡើងវិញបាន។ ជួនកាលគេនិយមខជើងជ្រូកជាមួយពងទា ឬ ជួនកាលគេអាចប្រើសាច់ជ្រូកបីជាន់ក៏បាន ទៅតាមការនិយមចូលចិត្តរៀងៗខ្លួន រីឯអ្នកខ្លះទៀតគេយកទំពាំងមកខជើងជ្រូក ឬ ស្ពៃជូរមកខលាយក៏មានដើម្បីធ្វើឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកម្យ៉ាងដែរ។
៤. អាម៉ុកខ្មែរ ឬ ហហ្មុក
អាម៉ុកខ្មែរ គឺជាមុខម្ហូបមួយប្រភេទដែលខ្មែរយើងនិយមប្រាប់បរទេសថាជាម្ហូបប្រចាំជាតិ ហើយវាក៏ត្រូវបាននិយមចម្អិនធ្វើជាចង្ហាន់ក្នុងថ្ងៃបុណ្យកាន់បិណ្ឌ និង ថ្ងៃភ្ជុំធំដែរ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយមិនសូវពិបាកចម្អិននោះឡើយ។ ម្ហូបមួយប្រភេទនេះ គឺធ្វើដោយត្រីស្រស់ ផ្សំគ្រឿងមានកាពិបុក និង ខ្ទិះដូង ជាដើម ខ្ចប់ចំហុយហហ្មុកត្រីរ៉ស់, ហហ្មុកត្រីអណ្ដែងដាក់ស្លឹកញ (តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត)។
៥. ឆាប្រហុកខ្ទិះ
ឆាប្រហុកខ្ទិះ ក៏ដូចជាមុខម្ហូបផ្សេងៗខាងលើដែរ មូលហេតុដែលគេនិយមធ្វើម្ហូបនេះក្នុងឱកាសភ្ជុំបិណ្យ ព្រោះវាងាយធ្វើ និង អាចរក្សាទុកបានយូរដូចសម្លខជើងជ្រូក និង សម្លការីដែរ។ ម្យ៉ាងម្ហូបនេះមានឱជារសឈ្ងុយឆ្ងាញ់ និង ចាប់មាត់មិនណយទេ ព្រោះមានអន្លក់ជាបន្លែស្រស់ៗសម្រាប់ផ្ទាប់ជាមួយ៕