ក្នុងរដូវកាលភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរតែងតែរៀបចំវេចនំអន្សម នំគម នំបត់ នំជៀល ឬ នំមោក ទៅតាមការចូលចិត្តនៅតាមមូលដ្ឋានរបស់ខ្លួនដែលពេញនិយមតមកតាំងពីដូនតា តែចំពោះនំអន្សមជានំមួយដែលប្រជាជនខ្មែរស្ទើរគ្រប់តំបន់តែងតែវេចជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ទាំងក្នុងរដូវចូលឆ្នាំខ្មែរ ហើយសំខាន់បំផុតគឺក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះតែម្តង។ ក្រៅពីបុណ្យទាំងពីរនេះ យើងក៏សង្កេតឃើញក្នុងពិធីមង្គលការ ក៏តែងតែមានវេចនំអន្សម ឬក៏ពិធីបួងសួងផ្សេងៗទៀត ក៏គេយកនំអន្សមទៅប្រើប្រាស់ក្នុងពិធីទាំងនោះដែរ។
ពាក្យ «អន្សម» ជាឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតាច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬ អាំង ហើយអន្សមមានច្រើនប្រភេទ គឺអន្សមចេក អន្សមជ្រូក អន្សមដូង និង អន្សមអាំង ដោយអាស្រ័យតាមការចូលចិត្ត (វចនានុក្រមសម្ដេចសង្ឃ ជួន ណាត) ហើយកាលដែលមានការវេចនំអន្សមនោះ គឺតាមជំនឿសាសនាសម័យព្រះបាទជ័យវរន្ម័ទី ៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ នោះរបស់ប្រើប្រាស់ និង សម្ភារភាគច្រើនតែងមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សម ជាដើម។
ក្នុងសាសនាព្រាហ្មណ៍ នំអន្សមគឺតំណាងឱ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឱ្យយោនីព្រះនាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ ម្ល៉ោះហើយទើបយើងតែងតែឃើញនំប្រភេទនេះ មានក្នុងពិធីបុណ្យទាន អមទៅជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។
គួរឱ្យដឹងដែរថា ព្រះសិវៈ ឬ ព្រះឥសូរនេះ គឺជាទេវៈចម្បងមួយអង្គ ក្នុងចំណោមទេវៈចម្បងទាំង ៣ (ព្រះព្រហ្ម, ព្រះវិស្ណុ, និង ព្រះសិវៈ) នៃទ្រឹស្តីត្រីម៌ូតិ ដែលមានក្នុងលទ្ធិព្រហ្មញ្ញសាសនា។ យោងតាម ប្រវត្តិសាស្ត្របានឱ្យដឹងថា នៅដើម ស.វ ទី ១ នៃ គ.ស. បានបញ្ជាក់ថា ប្រជារាស្ត្រខ្មែរសម័យនោះមានការពេញនិយមអាទិទេពអង្គនេះជាងអាទិទេពផ្សេងៗឯទៀត ដែលសុទ្ធសឹងតែមានប្រភពមកពីប្រទេសឥណ្ឌាទាំងអស់។
ដូចនេះហើយទើប «នំអន្សម» គឺមានដើមកំណើតតាំងពីបរមបុរាណមកម្ល៉េះ ហើយការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជាបុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។ បើយើងមើលទៅផ្នែកសឹកសង្គ្រាមនាសម័យដើមនោះ នំអន្សមគឺជាស្បៀងបម្រុងមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់កងទ័ព ក្នុងពេលជាប់ដៃគ្នាប្រយុទ្ធជាមួយសត្រូវទៀតផង៕