ចែកគ្នាដឹង! បើប្រាក់ខែលើស ១ លាន ៣ សែនរៀល ត្រូវបង់ពន្ធរដ្ឋ គិតជាភាគរយបែបនេះ
ពន្ធលើប្រាក់បៀវត្ស (Tax on salary) គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ហ៊្វេសប៊ុកផេករបស់ «អគ្គនាយកដ្ឋានពន្ធដារ» បានរៀបចំកម្មវិធីផ្សាយផ្ទាល់ពិសេស ក្រោមប្រធានបទ «ការយល់ដឹងអំពីពន្ធដារ»។ ក្រោមអធិបតីភាព ឯកឧត្ដម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា សហគ្រាសដែលជានិយោជកត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និង បង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធ។
ឯកឧត្ដមបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ប្រាក់ខែបុគ្គលិកចាប់ពី ១ លាន ៣ សែនរៀលឡើងទៅ គឺមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដែលមានន័យថា និយោជិត បុគ្គលិក កម្មករទាំងអស់ដែលមានប្រាក់ខែក្រោម ១ លាន ៣ សែនរៀលគឺពន្ធស្មើនឹងសូន្យ រីឯប្រាក់ខែដែលលើសពីតួលេខខាងលើគឺត្រូវគុណតាមកាំដែលបានកំណត់ក្នុងរូបមន្ត។ ឯកឧត្ដមក៏បានលើកជាឧទាហរណ៍ថា ប្រាក់ខែចាប់ពី ១ លាន ៣ សែនរៀលទៅ ២ លានរៀល គឺត្រូវជាប់ពន្ធដោយយក ២ លាន ដក ១ លាន ៣ សែនរៀល នៅសល់ ៧ សែនរៀល ត្រូវគុណនឹង ៥ ភាគរយ។ ដូច្នេះបើប្រាក់ខែបាន ២ លានរៀលឡើងដល់ ៨ លាន ៥ សែនរៀល គណនារួចហើយគឺត្រូវជាប់ពន្ធ ១០ ភាគរយ។
គួរដឹងដែរថាចាប់ពី ៨ លាន ៥ សែន ទៅដល់ ១២ លាន ៥ សែនរៀល គឺជាប់ពន្ធ ១៥ ភាគរយ ហើយបើចាប់ពី ៨ លាន ៥ សែនរៀលឡើងគឺជាប់ពន្ធ ២០ ភាគរយ។ ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមដែរថា បើចង់ដឹងច្បាស់អាចដោនឡូដ ឬ ទាញយកកម្មវិធីឈ្មោះថា Cambodia Salary Tax តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីគណនាពន្ធប្រាក់ខែដោយខ្លួនឯងបាន៕