រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោត សូមប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្ពស់ទឹកហក់ឡើងខ្លាំង
កាលពីព្រលប់ថ្ងៃអង្គារ ទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងពិសេសមួយជម្រាបជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ជាពិសេសអ្នកនៅតាមតំបន់ទំនាបផ្នែកខាងក្រោមស្ទឹងព្រែកត្នោត ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកខាងលើមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ថែមទាំងទទួលរងផលប៉ះពាល់ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
អាជ្ញាធរបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ត្រូវប្រុងប្រយ័ត្នខ្ពស់ត្រៀមខ្លួនរកទីទួលមានសុវត្ថិភាព ដើម្បីការពារគ្រោះផ្សេងៗ ព្រោះភ្លៀងកំពុងធ្លាក់ច្រើននៅតំបន់ខាងលើ ដូច្នេះទឹកនឹងហក់ឡើងលឿនខ្លាំង។
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈជាស្រេច និង ប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដោយសារតែតាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ នឹងទទួលរងឥទ្ធិពលព្យុះទី ១៦ ដូចបណ្ដាខេត្តដទៃផ្សេងទៀតដែរ៕
សូមអានព័ត៌មានលម្អិតក្នុងសេចក្ដីប្រកាសដែលមានភ្ជាប់ជូនខាងក្រោម៖