ទិដ្ឋភាពទឹកជន់លិចនៅឃុំស្នឹង ខេត្តបាត់ដំបង ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់
នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ តាមភូមិស្រុកមួយចំនួន ក្នុងតំបន់ទាំង ៣ នៅកម្ពុជា បានទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យតំបន់មួយចំនួនជន់លិចផ្ទះ ដំណាំស្រែចម្ការ និង ផ្លូវជាដើម ដែលបង្ករការរំខានការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាក់ស្ដែង នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង តាមរយៈគណនីមួយដែលមានឈ្មោះ Seyha PL បានបង្ហាញពីទិដ្ឋភាពទឹកលិចជាច្រើនកន្លែង ក្នុងភូមិសាស្ត្រឃុំស្នឹង ដែលទឹកហូរដក់តាមដងផ្លូវ ផ្ទះប្រជាពលរដ្ឋ ផ្សារលក់ដូរ និង នៅសាលារៀន ជាដើម។
យ៉ាងណាមិញ ចំពោះការជន់លិចបែបនេះ ស្របទៅតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និង ឧតុនិយម ដែលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ បណ្តាខេត្តនៅភាគពាយព្យ មានជាអាទិ៍ ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង ខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និង ផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) នឹងជំនន់ដោយបរិមាណទឹកហូសកម្រិត (Overflow)៕
សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖