នៅប្រទេសគុយបា ដាច់ភ្លើងទូទាំងប្រទេស ដោយសារការវាយប្រហារពីព្យុះ Hurricane Ian
បើតាមការបញ្ជាក់ពីលោក Lázaro Guerra ប្រធានផ្នែកបច្ចេកទេសនៃ Cuban Electricity Union បានឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីប្រើប្រាស់ទូទាំងប្រទេសគុយបានេះ មួយផ្នែកធំគឺបណ្ដាលមកពីកម្លាំងខ្យល់ព្យុះ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី។ លោកបានឱ្យដឹងទៀតថា ខាងក្រុមហ៊ុនកំពុងធ្វើការដោះស្រាយជួសជុលឱ្យមានអគ្គិសនីប្រើប្រាស់ឡើងវិញតាមដែលអាចធ្វើបាន។
ព្រមគ្នានោះដែរ ពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈអ្នកទេសចរនៅតាមតំបន់ទេសចរណ៍មួយចំនួនដូចជាតំបន់ឆ្នេរ Varadero ជាដើម ក៏ត្រូវបានផ្លាស់ទៅស្នាក់នៅកន្លែងដែលមានសុវត្ថិភាពដូចគ្នា។
គួរឱ្យដឹងថា ព្យុះ Hurricane Ian បានបោកបក់ទៅដល់ប្រទេសគុយបា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ (ពេលវេលាក្នុងតំបន់) ជាមួយនឹងភ្លៀងដ៏ខ្លាំងក្លា អមជាមួយកម្លាំងខ្យល់រហូតដល់ ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមការបញ្ជាក់ពីខាងអាជ្ញាធរ គិតមកទល់ពេលនេះ មានមនុស្សចំនួន ២ នាក់ហើយបានស្លាប់ដោយគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ៕