ក្ដៅៗ! ករណីលិចទូកនៅខេត្តព្រះសីហនុ ពេលនេះរកឃើញ ៣៣ នាក់ ស្ល-ា.-ប់ ៣ នាក់ និងកំពុងបាត់ខ្លួន ៨ នាក់
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដោយករណីលិចទូក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុច ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ សរុបចំនួន ៤១ នាក់ ពេលនេះត្រូវបានជួយសង្គ្រោះ និងស្វែងរកឃើញសរុប ៣៣ នាក់ (ស្លាប់០៣នាក់) និងបាត់ខ្លួន ០៨ នាក់ ដោយសមត្ថកិច្ច និង ក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ក្រុមជួយសង្គ្រោះ និងមានការចូលរួមពីក្រុមហ៊ុនទូកទេសចរណ៍របស់លោកឧកញ៉ា ទៀវិចិត្រ ចេញជួយសង្គ្រោះបន្ទាន់ និងបានប្រកាសជូនដំណឹងដល់បងប្អូនប្រជានេសាទ និងក្រុមជួយសង្គ្រោះផ្សេងទៀត ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន ០១ នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២ លានរៀលផងដែរ។
ដោយឡែក នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់បងប្អូនប្រជានេសាទចំនួន ០៤ នាក់ដែលបានជួយសង្គ្រោះជនរងគ្រោះលិចទូក បានចំនួន ០២ នាក់ និងជួយដឹកសពជនរងគ្រោះ ០២ នាក់ផ្សេងទៀតដែលស្រង់បានពីកណ្តាលសមុទ្រមកដីគោកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនាពេលកន្លងមក៕
ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ