ក្រសួងបញ្ជាក់! ជនបរទេសអាចយកបណ្ណបើកបរប្រទេសខ្លួន ប្ដូរយកបណ្ណបើកបរខ្មែរបាន ដោយត្រូវភ្ជាប់ឯកសារទាំងនេះ
ក្រសួងសាធារណការ និង ដឹកជញ្ជូន ថ្មីៗនេះបានឆ្លើយតបទៅនឹងសំណួរដែលសួរច្រើនជាងគេ ប្រចាំខែកក្កដា និង សីហា ដែលបានសួរថា ៖ តើជនបរទេសយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់នេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យដឹងថា ជនបរទេសអាចយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបាន ហើយឯកសារតម្រូវមានដូចជា៖
– បណ្ណបើកបរដើមរបស់ប្រទេសនៃជនជាតិសាមី (ត្រូវបកប្រែជាភាសាអង់គ្លេស ឬបារាំង ដោយបញ្ជាក់ពីស្ថានទូត ឬ ស្ថានកុងស៊ុលនៃជនជាតិនោះ)
– លិខិតឆ្លងដែន និង ទិដ្ឋាការមានសុពលភាពមិនតិចជាង ១៥ ថ្ងៃ
– លិខិតបញ្ជាក់អាសយដ្ឋានបច្ចុប្បន្ន (ចេញដោយមេឃុំ/ចៅសង្កាត់)
– លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្តល់សេវា)
– រូបថត ៤x៦ ផ្ទៃពណ៌សចំនួន ៣ សន្លឹក
ដោយឡែក ចំពោះកម្រៃសេវាវិញ គឺបែងចែកបែបនេះ ៖
-ប្រភេទ ក ៤០.០០០ រៀល
-ប្រភេទ ខ ១២០.០០០ រៀល
*ជនបរទេសដែលធ្លាប់បានប្តូរមកបណ្ណបើកបរខ្មែរហើយហួសសុពលភាព និង ត្រូវរងការពិន័យ ៥០០៛/ថ្ងៃ៕