ព្យុះទីហ្វុង Noru នឹងទៅដល់ប្រទេសថៃនៅព្រឹកថ្ងៃទី ២៩ បន្ទាប់ពីវាយប្រហារនៅភាគកណ្តាលប្រទេសវៀតណាម
យោងតាមគេហទំព័រ The Nation បានចុះផ្សាយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ អំពីរូបថតពីផ្កាយរណប Himawari-៨ របស់ប្រទេសជប៉ុន ដែលបង្ហាញថា Noru កំពុងស្ថិតនៅទីក្រុង Hoi An ភាគកណ្តាលនៃប្រទេសវៀតណាម។
អង្គការ GISTDA (Geo – Informatics and Space Technology Development Agency) បានឱ្យដឹងថា ព្យុះនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយ មុនពេលដែលចូលដល់ប្រទេសថៃនៅយប់ថ្ងៃទី ២៨ នេះ ឬ ដើមថ្ងៃទី ២៩ ខែកញ្ញាស្អែក។ ប្រភពដដែលបានបន្តថា ខេត្ត Ubon Ratchathani នឹងក្លាយជាតំបន់ដំបូងគេដែលទទួលបានការវាយប្រហារនេះ ដោយខេត្តនេះបានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងរួចហើយតាំងពីយប់ថ្ងៃទី ២៧ កន្លងទៅនោះ។
ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលជាតិក៏បានព្រមានគ្រោះមហន្តរាយថា ខ្លួនត្រូវបានស្នើសុំដោយការិយាល័យបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយរបស់ខេត្ត Ubon Ratchathani ឱ្យផ្ញើលេខកូដ M១១ ទាក់ទងនឹងការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងទៅកាន់កន្លែងប្រកាសអាសន្នទាំងអស់នៅក្នុងខេត្ត និង ស្រុក។ នៅក្នុងការព្រមានអំពីព្យុះ Noru លើកទី ១៣ របស់ខ្លួននៅម៉ោង ១១ ព្រឹកថ្ងៃ ២៨ នេះ នាយកដ្ឋានឧតុនិយមបានឱ្យដឹងថា ព្យុះនេះបានចុះខ្សោយរួចទៅហើយពីព្យុះទីហ្វុងទៅជាព្យុះត្រូពិច ខណៈដែលវាបានមកដល់ខេត្ត Salavan ក្នុងប្រទេសឡាវកាលពីម៉ោង ១ រសៀលថ្ងៃទី ២៧។ ដោយមានល្បឿនខ្យល់បក់ជាប់ ប្រហែល ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង Noru កំពុងរំកិលទៅភាគខាងលិចក្នុងល្បឿនប្រហែល ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
នាយកដ្ឋានក៏បានបន្ថែមទៀតថា ខ្យល់ព្យុះនេះនឹងចុះខ្សោយ មុនពេលឆ្លងកាត់ផ្នែកខាងក្រោមនៃប្រទេសឡាវ និង ភាគឦសានផ្នែកខាងក្រោមនៃប្រទេសថៃ ក្នុងខេត្ត Amnat Charoen និង Ubon Ratchathani នៅយប់ថ្ងៃទី ២៨ នេះ បន្ទាប់មកបានចុះខ្សោយបន្ថែមទៀតទៅជាសម្ពាធត្រូពិច និង សម្ពាធទាប៕
ប្រភព៖ The Nation