អ្នកប៉ោយប៉ែតនៅជាប់អូរព្រំដែន រដ្ឋបាលក្រុងប្រកាសបន្ទាន់សូមប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកអូរហក់ឡើងខ្លាំង
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះ អភិបាលក្រុងប៉ោយប៉ែត ឯកឧត្ដម គាត ហ៊ុល រួមដំណើរជាមួយឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេច ហ៊ុន សែន បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។
ឯកឧត្ដម គាត ហ៊ុល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានលំនៅដ្ឋានជាប់តាមអូរព្រំដែនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះស្ថានភាពទឹកអូរកំពុងកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយបានជន់លិចតំបន់ទំនាបមួយចំនួនតាមអូរព្រំដែន ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ ព្រមទាំងទឹកបានជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួនដែលស្ថិតក្នុងភូមិប៉ោយប៉ែត និង ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ថែមទៀតផង។
ដោយឡែក ឯកឧត្ដមក៏បានមានប្រសាសន៍ប្រាប់ដល់អាជ្ញាធរក្រុងប៉ោយប៉ែតឱ្យត្រៀមខ្លួនរួចជាស្រេចនូវទីទួលសុវត្ថិភាព និង ស្បៀងអាហារសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នេះ។ លោកក៏បានបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋដែរថា ក្នុងករណីមានអាសន្នសូមរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ដើម្បីអន្តរាគមន៍ជម្លៀសមកកាន់ទីទួលសុវត្តិភាពឱ្យបានទាន់ពេលវេលា ព្រោះបច្ចុប្បន្ននេះរដ្ឋបាលក្រុងប៉ោយប៉ែត បានចាត់ក្រុមការងាររៀបចំជាទីទួលសុវត្ថិភាព និង ត្រៀមស្បៀងអាហារបម្រុងបណ្ដោះអាសន្ន ដើម្បីសង្រ្គោះប្រជាពលរដ្ឋរួចជាស្រេចផងដែរ៕