ចែកគ្នាដឹង! ៥ ចំណុចមិនគួរមើលរំលង មុនពេលធ្វើដំណើរលើផ្លូវល្បឿនលឿន ក្នុងខែវស្សា
ហ្វ៊េសបុកផេក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការបង្ហោះសារជូនដំណឹងដោយភ្ជាប់ជាមួយរូបភាពមួចំណួន កាលបីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ដើម្បីធ្វើការដាស់តឿនក៏ដូចជាក្រើនរម្លឹកដល់អ្នកបើកបរ អ្នកដំណើរគ្រប់រូបដែលមានបំណងចង់ធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ អំពីចំណុចសំខាន់ៗទាក់ទងនឹងបច្ចេកទេសយានយន្ត។
នាយកដ្ឋានបានជូនដំណឹងថា ដោយសារតែផ្លូវល្បឿនលឿនចាប់ដំណើរការសាកល្បង ស្របពេលដែលនេះជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន ដូចនេះអ្នកបើកបរមុននឹងបើបរចូលផ្លូវល្បឿនលឿនត្រូវតែពិនិត្យលក្ខណៈបច្ចេកទេសយានយន្តលើចំណុចពិសេសៗ ដូចជា ៖
១. សម្បកកៅស៊ូកង់ ត្រូវតែមិនមានស្នាមប្រេះ រហែក ប៉ោង និង មានជម្រៅក្រឡាល្អ ហើយកុំភ្លេចពិនិត្យសម្ពាធខ្យល់ក្នុងកង់ឱ្យបានត្រឹមត្រូវផង។
២. ហ្វ្រាំង ត្រូវតែដំណើរការល្អ។
៣. ភ្លើងបំភ្លឺ មានដូចជា ភ្លើងហ្វា កូត ភ្លើងសញ្ញាប្ដូរទិស និង ភ្លើងហ្វ្រាំង ត្រូវតែមានដំណើរការល្អ។
៤. ចង្កូត ត្រូវដំណើរល្អ។
៥. ផ្លិតទឹក ត្រូវដំណើរការល្អដូចគ្នា។
គួរបញ្ជាក់ដែរថា ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២២ នេះគឺជាថ្ងៃដំបូងដែលក្រសួងសាធារណការ និង ដឹកជញ្ជូន បានបើកឱ្យដំណើរការសាកល្បងចំពោះផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃដែលមានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ នេះ៕