រដ្ឋ Carolina នៅអាមេរិក រងផលប៉ះពាល់យ៉ាងដំណំ ក្រោយត្រូវព្យុះស៊ីក្លូន Ian វាយលុកខ្លាំង
សារព័ត៌មាន BBC បានចុះផ្សាយនៅព្រឹកថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២២ នេះថា ព្យុះស៊ីក្លូន Ian កំពុងបោកបក់មកលើរដ្ឋ Carolina ខាងត្បូងបន្ទាប់ពីបានបោកបក់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងរដ្ឋ Florida។ Ian បានត្រលប់មកវិញក្នុងទម្រង់ជាជាខ្យល់ព្យុះប្រភេទទី ១ ដែលនៅជិតទីក្រុង Georgetown នៅម៉ោង ០២:០៥ រសៀល កាលពីថ្ងៃសុក្រម្សិលមិញ ហើយទឹកជំនន់ត្រូវបានគេព្យាករណ៍ថានឹងបន្តនៅទូទាំងតំបន់រួមទាំងក្នុងរដ្ឋ Florida ជាច្រើនថ្ងៃទៀត។
មន្ត្រីគ្រាះអាសន្ននៃរដ្ឋ Florida បានប្រកាសថា មានអ្នកស្លាប់ចំនួន ២១ នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រម្សិលមិញ ហើយ Ian គឺជាព្យុះដ៏ខ្លាំងបំផុតមិនធ្លាប់មានដែលបានវាយប្រហារសហរដ្ឋអាមេរិក នៅពេលដែលវាបានវាយប្រហារលើរដ្ឋ Florida ក្នុងទម្រង់ជាព្យុះសង្ឃរាប្រភេទទី ៤ កាលពីថ្ងៃពុធកន្លងទៅ។
នៅតាមតំបន់ឆ្នេរ Carolina ខាងត្បូង Ian បានកម្ទេចកំពង់ផែចំនួន ៤ ហើយបានធ្វើឱ្យទឹកហូរហៀរចូលទៅក្នុងសង្កាត់នានា រួមទាំងនៅទីក្រុងមាត់សមុទ្រដ៏ពេញនិយម Myrtle Beach ផងដែរ ចំណែកឯផ្ទះ និង អាជីវកម្មជិត ២០០ ០០០ កន្លែង នៅរដ្ឋ Carolina ខាងត្បូងបានដាច់ចរន្តអគ្គិសនីកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ។
យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) បានឱ្យដឹងថា ព្យុះនេះកំពុងធ្វើដំណើរទៅភាគខាងជើង ជាមួយនឹងកម្លាំងខ្យល់អតិបរមាក្នុងល្បឿន ៧០ mph (១១០ km/h) ហើយ NHC បាននិយាយទៀតថា ទោះបីជា Ian ចុះខ្សោយកាលពីថ្ងៃសុក្រក៏ដោយ តែវានៅតែមានគ្រោះថ្នាក់ ដោយទីភ្នាក់ងារនេះព្រមានថា ទឹកជំនន់ដ៏គួរឱ្យភ័យខ្លាចអាចនឹងកើតឡើងនៅទូទាំងឆ្នេរសមុទ្រ និង ភាគឦសាននៃរដ្ឋ Carolina ខាងត្បូង ហើយ ឆ្នេរសមុទ្រ Carolina ជើង ព្រមជាមួយតំបន់ភាគអាគ្នេយ៍នៃរដ្ឋ Virginia ។ Ian ត្រូវបានគេរំពឹងថា នឹងរលាយបាត់ទាំងនៅ Carolina ខាងជើង ឬ Virginia នៅថ្ងៃសៅរ៍នេះ។
ដោយឡែក លោកប្រធានាធិបតី Joe Biden បាននិយាយនៅឯសេតវិមានកាលពីថ្ងៃសុក្រម្សិលមិញថា ៖ «យើងទើបតែចាប់ផ្តើមមើលឃើញទំហំនៃការបំផ្លិចបំផ្លាញនោះ» ដោយគាត់បាននិយាយទៀតថា Ian ទំនងជាស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក៕
ប្រភព៖ BBC