នៅថៃ បន្តជួបគ្រោះទឹកជំនន់ ខណៈនៅតំបន់ឈៀងម៉ៃទឹកកំពុងឡើងខ្លាំង
គេហទំព័រសារព័ត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃចន្ទ ទី ០៣ ខែតុលា ឆ្នាំ ២០២២ នេះថាទឹកជំនន់កំពុងកើនឡើងនៅក្នុងតំបន់ឈៀងម៉ៃ ខណៈដែលទឹកទន្លេ Ping បានបន្តកើនឡើងចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយគ្រួសារប្រហែល ១០០០ គ្រួសារនៅក្នុងស្រុក Muang ត្រូវបានជន់លិច បន្ទាប់ពីទឹកទន្លេ Ping បានបាក់ច្រាំងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដោយទឹកជំនន់បានបន្តរហូតដល់ ព្រឹកថ្ងៃចន្ទនេះ ស្របពេលដែលអ្នកនៅក្បែរនោះត្រូវបានគេណែនាំឱ្យផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព។
ថ្វីត្បិតតែបាវខ្សាច់ត្រូវបានតម្រៀបនៅតាមច្រាំងទន្លេ Ping ក៏ដោយក៏ទឹកនៅតែហូរចេញពីលូក្នុងតំបន់នៃស្រុក Muang ហើយកម្ពស់ទឹកទន្លេ Ping នៅស្ពាន Nawarat មានកម្ពស់ ៤.៥២ ម៉ែត្រ ដែលលើសពីកម្រិតសុវត្ថិភាពចំនួន ០.៨២ ម៉ែត្រ ហើយទន្លេនៅតែបន្តឡើងខ្លាំង។
ស្ថានភាពកំពុងខិតជិតដល់ទឹកជំនន់ដ៏ធ្ងន់ធ្ងរដូចក្នុងឆ្នាំ ២០១១ ដែលកម្រិតទឹកទន្លេ Ping ឡើងជិត ៥ ម៉ែត្រ ដោយមន្ត្រីមូលដ្ឋានរំពឹងថានឹងមានស្ថានភាពស្រដៀងគ្នានេះ ដោយសារទឹកពីដៃទន្លេបានបន្តឡើងហើយហូរចូលទន្លេ Ping។ ទន្លេនេះក៏ទទួលទឹកពីទន្លេ Mae Taeng និង ទន្លេ Mae Rim ហើយទឹកឡើងដល់ជម្រៅមួយម៉ែត្រក្នុងតំបន់ខ្លះនៃស្រុក Muang ហើយអ្នកស្រុកត្រូវបានជម្លៀសចេញ ស្របពេលដែលសាលារៀន និង ការិយាល័យរដ្ឋាភិបាលជាច្រើនត្រូវបានបិទដោយសារតែទឹកជំនន់ភាគច្រើនគឺនៅតាមផ្លូវ Chang Khlan និង Charoen Prathet ប៉ុន្តែក៏មាននៅតំបន់ Pa Phrao Nok និង Nong Hoi ផងដែរ។ ចំណែកឯកន្លែងផ្សេងទៀតក្នុងខេត្តនៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងស្រុក Chiang Dao, Mae Taeng, Mae Rim, Mae Ai, Fang, San Sai និង Doi Saket៕
ប្រភព៖ Bangkok Post