វៀតណាម ប្រកាសរកឃើញករណីដំបូងនៃជំងឺអុតស្វា
អាជ្ញាធរសុខាភិបាលទីក្រុងហូជីមិញ នៅថ្ងៃចន្ទ ទី ០៣ ខែតុលា ឆ្នាំ ២០២២ នេះបានប្រកាសពីករណីដំបូងអំពីជម្ងឺ អុតស្វាដែលកើតមានក្នុងប្រទេសខ្លួន ខណៈដែលអាជ្ញាធរសុខាភិបាលមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្នកជំងឺនោះទេ ប៉ុន្តែ អ្នកតំណាងក្រសួងសុខាភិបាលបាននិយាយថា ខ្លួននឹងធ្វើការប្រកាសជាផ្លូវការអំពីករណីនេះនៅពេលក្រោយ។
លោក Tăng Chí Thượng ប្រធានមន្ទីរសុខាភិបាលបានផ្តល់អនុសាសន៍ឱ្យពង្រឹងការតាមដាន និង បង្ការករណីនៅច្រកព្រំដែន និង កន្លែងពេទ្យឱ្យបានទាន់ពេលវេលា។ លោកក៏បានបន្ថែមថា នាយកដ្ឋាននឹងបន្តអប់រំសាធារណជនអំពីជំងឺនេះ ជាពិសេសរោគសញ្ញាដំបូងរបស់វា ដើម្បីឱ្យអ្នកដែលកើតអាចស្វែងរកការព្យាបាលភ្លាមៗ។ លោកបានបន្ថែមទៀតថាឱ្យភ្នាក់ងារពាក់ព័ន្ធរៀបចំសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការដាក់ឱ្យនៅដាច់ដោយឡែក និង ការគ្រប់គ្រងអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អង្គភាពពាក់ព័ន្ធនឹងត្រូវបង្កើតផែនការរបស់ខ្លួនយ៉ាងសកម្មសម្រាប់ការបង្ការ និង គ្រប់គ្រងជំងឺ។ នាយកដ្ឋានក៏បានស្វែងរកការបង្កើនការស្កែនសីតុណ្ហភាពរាងកាយនៅតាមព្រំដែន ចំណែកអ្នកដែលសង្ស័យថាមានជំងឺនឹងត្រូវបានណែនាំឱ្យនៅដាច់ដោយឡែកខ្លួនឯង និង តាមដានសុខភាពនៅផ្ទះ។
រោគសញ្ញាសំខាន់ៗគឺកន្ទួល និង រោគសញ្ញាមួយ ឬច្រើនដូចជា៖ គ្រុនក្តៅដល់ ៣៨ ដឺក្រេ ឬខ្ពស់ជាងនេះ មានហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នងជាដើម។ ហើយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសភាពអាសន្នផ្នែកសុខភាពជាសាកលជុំវិញការផ្ទុះឡើងនៃជំងឺអុតស្វា ខណៈដែលការឆ្លងបានកើនឡើងជាសកល ដោយមានករណីជាង ៣៥០០០ នៅទូទាំងប្រទេស និង តំបន់ចំនួន ៩២ ហើយមានអ្នកស្លាប់ចំនួន ១២ នាក់គិតត្រឹមពាក់កណ្តាលខែសីហាកន្លងទៅ៕
ប្រភព៖ Viet Nam News