រដ្ឋបាលខេត្តឈៀងមៃ សម្រេចជម្លៀសពលរដ្ឋចេញភ្លាមៗ ខណៈទឹកជំនន់បន្តកើនឡើងឥតឈប់
គេហទំព័រព័ត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះថា មានភ្លៀងធ្លាក់ខ្លាំងដែលនាំមកនូវទឹកជំនន់យ៉ាងធ្ងន់ធ្ងរទៅកាន់ក្រុងឈៀងម៉ៃ ដែលជាកន្លែងអ្នកស្រុកត្រូវបានព្រមានឱ្យផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ខណៈដែលកម្ពស់ទឹកបានកើនឡើងខ្លាំង។ ងាកទៅមើលកម្ពស់ទឹកទន្លេ Ping វិញ បានកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យស្រុកនានាតាមដងទន្លេត្រូវជន់លិច។
លោក Charin Kongsricharoen ប្រធាននាយកដ្ឋានធារាសាស្ត្រឈៀងម៉ៃបាននិយាយថា កម្រិតទឹកទន្លេ Ping នៅស្ពាន Nawarat មានកម្ពស់ ៤.៥២ ម៉ែត្រ លើសពីកម្រិតសុវត្ថិភាព ០.៩៥ ម៉ែត្រ។ កម្ពស់ទឹកទន្លេ Ping នៅ Ban Mae Tae ស្រុក San Sai មានកម្ពស់ ៣.៨៣ ម៉ែត្រ ដែល ០.០៣ លើសកម្រិតសុវត្ថិភាព ដោយមានរំហូរ ៤៩៧ ម៉ែត្រគូបក្នុងមួយវិនាទី។ ទឹកឡើងដល់ជម្រៅមួយម៉ែត្រក្នុងតំបន់ខ្លះនៃស្រុក Muang ហើយអ្នកស្រុកត្រូវបានជម្លៀសចេញ រីឯសាលារៀន និង ការិយាល័យរដ្ឋាភិបាលជាច្រើន ត្រូវបានបិទកាលពីម្សិលមិញដោយសារទឹកជំនន់ ដោយទឹកជំនន់ភាគច្រើនត្រូវបានជួបប្រទះនៅ Chang Khlan និង Charoen Prathet ប៉ុន្តែក៏មាននៅតំបន់ Pa Phrao Nok និង Nong Hoi ផងដែរ។
លោក Charin បាននិយាយទៀតថា នៅកន្លែងផ្សេងទៀតក្នុងខេត្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងស្រុកដូចជា Chiang Dao, Mae Taeng, Mae Rim, Mae Ai, Fang, San Sai និង Doi Saket ។ លោកបានបន្ថែមថា នាយកដ្ឋានធារាសាស្ត្រឈៀងម៉ៃបានបើកទ្វារទឹកក្នុងក្រុងដើម្បីបង្ហូរទឹកភ្លៀងចេញ។
លោកបានបន្ថែមថា នាយកដ្ឋានធារាសាស្ត្របានទាក់ទងទៅយោធភូមិភាគទី ៣៣ កងវរសេនាតូចអាកាសចរណ៍លេខ ៤១ និង នាយកដ្ឋានបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និង តាមដានកម្ពស់ទឹកកើនឡើង។ សាលាក្រុងឈៀងម៉ៃ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងនៃខេត្តឈៀងម៉ៃ អាចនឹងហៀរហូរពេញខេត្ត ហើយបានស្នើឱ្យអ្នកស្រុករៀបចំសម្រាប់ការជម្លៀសចេញ ហើយសាលាក្រុងបានបង្កើតមជ្ឈមណ្ឌលសម្រាប់ជនរងគ្រោះដោយទឹកជំនន់៕
ប្រភព៖ Bangkok Post