CNN សុំទោសជាសាធារណៈ រឿងអ្នកយកព័ត៌មានរបស់ខ្លួន ចូលថតកន្លែងហាមឃាត់ករណីផ្ទុះនៅថៃ
អ្នកយកព័ត៌មាន CNN ពីរនាក់ ក៏បានធ្វើការសុំទោសជាសាធារណៈតាមរយៈវីដេអូ បន្ទាប់ពីត្រូវបានប៉ូលិសនៅ Udon Thani ឃាត់ខ្លួនពីបទរំលោភបំពាននៅកន្លែងកើតហេតុ។ អ្នកយកព័ត៌មានជនជាតិអូស្ត្រាលីឈ្មោះ Anna Coren អាយុ ៤៧ ឆ្នាំបាននិយាយថា «ខ្ញុំចង់សុំទោសយ៉ាងជ្រាលជ្រៅបំផុតរបស់ខ្ញុំ ចំពោះប្រជាជនថៃ ជាពិសេសគ្រួសារជនរងគ្រោះនៃសោកនាដកម្មនេះ។ យើងពិតជាសោកស្តាយណាស់ ប្រសិនបើយើងធ្វើឱ្យអ្នកកាន់តែឈឺចាប់ នោះមិនមែនជាចេតនារបស់យើងទេ។ យើងក៏សូមអភ័យទោសដល់ប៉ូលីសថៃ និង ស្នងការរងប៉ូលិសចំពោះការរអាក់រអួលដែលយើងបានបង្កឡើង។ យើងដឹងថាប្រទេសរបស់អ្នក កំពុងឆ្លងកាត់ពេលវេលាដ៏ឈឺចាប់បែបនេះ ហើយយើងមិនមែនមកទីនេះ ដើម្បីបង្កឱ្យមានទុក្ខព្រួយបន្ថែមទៀតទេ សូមអរគុណ»។ នាងបាននិយាយនៅក្នុងវីដេអូ ដែលទំនងជាថតនៅក្នុងប៉ុស្តិ៍ប៉ូលិស។
អ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Daniel Hodge អាយុ ៣៤ ឆ្នាំបាននិយាយថា ៖ «ខ្ញុំចង់សុំទោសប្រជាជនថៃសម្រាប់ទុក្ខសោកបន្ថែមដែលយើងបានបង្កឡើងក្នុងពេលវេលាដ៏ឈឺចាប់នេះ»។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូ និង ព័ត៌មាននៃការសុំទោសនេះ មិនមាននៅលើគេហទំព័រ CNN នៅពេលចេញផ្សាយនោះទេ។
របាយការណ៍របស់ពួកគេ ដែលមានរូបភាពប្រឡាក់ឈាម ត្រូវបានរិះគន់យ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមថៃ និង ថ្កោលទោសដោយសមាគមអ្នកកាសែតថៃ និង ក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៃប្រទេសថៃ (FCCT)។ សេចក្តីថ្លែងការណ៍របស់ FCCT បាននិយាយថា «ក្រុម CNN មួយបានចូលទៅក្នុងកន្លែងឧក្រិដ្ឋកម្មដោយគ្មានការអនុញ្ញាត មិនថាពួកគេទាមទារអ្វីក៏ដោយ នេះជាការមិនមានវិជ្ជាជីវៈ និង ជាការរំលោភក្រមសីលធម៌អ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរក្នុងការរាយការណ៍បទឧក្រិដ្ឋ»។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានប្រតិបត្តិ និង ជាអ្នកគ្រប់គ្រងទូទៅរបស់ CNN International លោក Mike McCarthy បានផ្តល់សេចក្តីថ្លែងការណ៍មួយទៀតថា ៖ «ក្រុមការងាររបស់ CNN ដែលរាយការណ៍ពីកន្លែងកើតហេតុនៃព្រឹត្តិការណ៍សោកនាដកម្មនៅ Nong Bua Lamphu បានសុំការអនុញ្ញាតពីមន្ត្រីនាយកដ្ឋានសុខាភិបាលប្រទេសថៃ ដែលមានវត្តមាននៅទីនោះដើម្បីចូលទៅក្នុងមជ្ឈមណ្ឌលថែទាំកុមារ។ ប្រសិនបើក្រុមការងារដឹងថាអគារ និង បន្ទប់នៅទីនោះមិនឱ្យចូល ពួកគេនឹងមិនចូលនោះទេ ព្រោះពួកគេមិនដែលមានបំណងចង់បំពានច្បាប់ណាមួយឡើយ»។
លោកបាននិយាយថា CNN បានបញ្ឈប់ការផ្សាយរបាយការណ៍នេះ ហើយបានលុបវីដេអូចេញពីគេហទំព័ររបស់ខ្លួនហើយ។ លោកបានបន្ថែមថា «យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះទុក្ខលំបាក ឬ ការរំលោភបំពានណាមួយ ដែលរបាយការណ៍របស់យើងអាចបង្កឡើង និង សម្រាប់ការរអាក់រអួលណាមួយចំពោះប៉ូលិសថៃ នៅពេលដ៏សោកសៅសម្រាប់ប្រទេសនេះ»៕
ប្រភព៖ The Nation Thailand