មហាជនផ្ទុះការងឿងឆ្ងល់ ក្រោយឃើញបាត់រូបព្រះភ័ក្ត្រ នៃចម្លាក់ទេពអប្សរា ចំណុចដើមឈើល្បីក្នុងរឿង Tomb Raider
នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ តាមរយៈគណនីហ្វេសប៊ុក មគ្គុទេសទេសចរណ៍មួយរូបឈ្មោះ Sopheara Smile បានបង្ហោះរូបភាព ព្រមទាំងសូមឱ្យអាជ្ញាធរអប្សរា និង ប៉ូលិសបេតិកភណ្ឌ ជួយបំភ្លឺជាសាធារណៈជូនដល់មហាជន ចំពោះការបាត់បង់រូបព្រះភ័ក្ត្រនៃចម្លាក់ទេពអប្សរា ចំណុចដើមឈើដ៏ល្បីក្នុងរឿង Tomb Raider ដែលទើបនឹងរបេះថ្មីៗ ថាតើបណ្តាលមកពីមូលហេតុអ្វីទៅ?
យ៉ាងណាមិញ ទាក់ទិនទៅនឹងរឿងនេះ ក៏មានមហាជន ក៏ដូចជាអ្នកមគ្គុទេសទេសចរណ៍ដូចគ្នា បាននាំគ្នាបកស្រាយចម្ងល់ ជូនដល់មហាជន តាមរយៈការបញ្ចេញមតិក្រោមរូបភាពបង្ហោះបែបនេះថា៖ «ខ្ញុំបានសួរមន្ត្រីនៅទីនោះ គាត់បាននិយាយថា ឫសឈើបានដុះចាក់បន្តិចម្តងៗ គួបផ្សំជាមួយនឹងការប្រេះស្រាំនៃថ្ម និង សំណើមនៃទឹកភ្លៀងផង បានធ្វើឱ្យមុខរបស់អប្សរាប្រេះជ្រុះតែម្តង។ ហើយបំណែកនៃមុខអប្សរា ត្រូវក្រុមការងារជួសជុលប្រាសាទ (ឥណ្ឌា) យកទៅរក្សាទុកហើយ។ នេះគឺជាចម្លើយពីមន្រ្តីដែលប្រចាំនៅកន្លែងហ្នឹងតែម្តង»។
ទន្ទឹមនោះ ក៏មានការបកស្រាយបែបនេះផងដែរថា៖ «បំណែកផ្ទៃមុខអប្សរា ដែលជ្រុះនៅចំណុចកណ្ដាលមិនបានបាត់ទៅណាទេ ខាងអប្សរា និង ប៉ូលិស បានប្រគល់ឱ្យទៅខាងឥណ្ឌារក្សាទុកដើម្បីតភ្ជាប់ទៅវិញ តែឥលូវភ្លៀងមិនទាន់ឈប់ ខាងឥណ្ឌាគាត់មិនទាន់បានតភ្ជាប់ទៅវិញទេ សូមកុំមានការយល់ច្រឡំថា បំណែកមុខអប្សរាដែលជ្រុះហ្នឹងបាត់ ឬ មានជនខិលខូចចូលលួចគាស់ គឺមិនមែនទេ»៕