ទីបំផុត អាចម៍ផ្កាយដែលអង្គការ Nasa ហោះបុក បានបង្វែរទិសដៅក្នុងលំហជោគជ័យហើយ
គេហទំព័រសារព័ត៌មាន BBC បានចុះផ្សាយថា ទីភ្នាក់ងារអវកាសអាមេរិកនិយាយថា ការគ្រោងទុកដើម្បីបង្វែរទិសដៅនៃអាចម៍ផ្កាយមួយនៅក្នុងលំហគឺបានទទួលជោគជ័យហើយ។ ពេលនេះក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ពីគន្លងនៃអាចម៍ផ្កាយដែលមានទទឹង ១៦០ ម៉ែត្រដែលគេស្គាល់ឈ្មោះថា Dimorphos ត្រូវបានផ្លាស់ប្តូរទិសដៅពេលដែលយាន Dart បានវាយប្រហារទៅលើវា កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ។
បេសកកម្មនេះត្រូវបានបង្កើតឡើងដើម្បីសាកល្បងយុទ្ធសាស្ត្រដ៏មានសក្តានុពលមួយដើម្បីការពារផែនដីប្រឆាំងនឹងវត្ថុដែលគំរាមកំហែង។ អ្នកគ្រប់គ្រងទីភ្នាក់ងារលោក Bill Nelson បាននិយាយថា «បេសកកម្មនេះបង្ហាញថា Nasa កំពុងព្យាយាមត្រៀមខ្លួនឱ្យរួចរាល់ សម្រាប់អ្វីគ្រប់យ៉ាង ដែលគម្រាមកំហែងមកលើភពដែនដីយើង»។
លោកបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំជឿថា Nasa បានបង្ហាញឱ្យឃើញថាយើងមាននាមជាអ្នកការពារភពផែនដី»។ ទីភ្នាក់ងារអវកាសបានចេញផ្សាយបណ្តុំទិន្នន័យកាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីគាំទ្រការវាយតម្លៃរបស់ខ្លួន រួមទាំងរូបភាពថ្មីពីកែវពង្រីកអវកាស Hubble និង ពីយានអវកាសអ៊ីតាលីតូចមួយដែលឈរឆ្ងាយពីកន្លែងគ្រោះថ្នាក់ប្រហែល ៥០ គីឡូម៉ែត្រ។
ការធ្វើតេស្តប្តូរទិសអាចម៍ដោយ Dart បានធ្វើឡើងប្រហែល ១១ លានគីឡូម៉ែត្រពីផែនដី។ អ្នកវិទ្យាសាស្ត្រកម្មវិធី Dart របស់ Nasa លោក Tom Statler បានព្រមានអំពីការទាញការសន្និដ្ឋានច្រើនពេកពីការពិសោធន៍ផងដែរ។ គាត់បាននិយាយថាអាចម៍ផ្កាយបានមកក្នុងទម្រង់ផ្សេងៗគ្នាជាច្រើន។ លោកបានសង្កត់ធ្ងន់ថា «យើងមិនគួរខ្នះខ្នែងពេកក្នុងការនិយាយថា ការធ្វើតេស្តមួយនៅលើអាចម៍ផ្កាយមួយ ប្រាប់យើងយ៉ាងច្បាស់ពីរបៀបដែលអាចម៍ផ្កាយផ្សេងទៀតនឹ ងមានទិសដៅក្នុងស្ថានភាពស្រដៀងគ្នានោះទេ ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺប្រើការធ្វើតេស្តនេះ ជាចំណុចគោល សម្រាប់ការគណនា ក្នុងការប្រាប់យើងពីរបៀបដែលប្រភេទនៃផលប៉ះពាល់ក្នុងស្ថានភាពផ្សេងៗគ្នាគួរមាន»។
គួរបញ្ជាក់ដែរថាលោកបានបន្តថា ៤ ឆ្នាំចាប់ពីពេលនេះតទៅ ទីភ្នាក់ងារអវកាសអឺរ៉ុប (Esa) នឹងមានយានអវកាសចំនួនបី ដែលត្រូវបានគេស្គាល់ថាជាបេសកកម្ម Hera នៅ Didymos និង Dimorphos ដើម្បីធ្វើការសិក្សាតាមដាន៕
ប្រភព៖ BBC