លួចដាក់ GPS ក្នុងឡានតាមដានប្តី ទីបំផុតចាប់បានប្ដីមានស្រី តែបែរជាស្រីប្ដី ប្ដឹងទារជំងឺចិត្តរាប់ពាន់ដុល្លារ
ថ្មីៗនេះ មានស្ត្រីម្នាក់បានដាច់ចិត្តទម្លាយរឿងរ៉ាវដ៏ឈឺចាប់មួយឱ្យដឹងថា នាងបានដាក់ GPS នៅឡានដើម្បីតាមដានប្តីរបស់ខ្លួន រហូតដឹងថាគេលួចផិតក្បត់មានស្រី រួចក៏កើតមានរឿងរកាំរកូស ស្រាប់តែត្រូវខាងស្រីនោះប្តឹងទារលុយអស់ចិត្ត ៨ ពាន់ដុល្លារ។
ស្រ្តីរូបនេះ មានវ័យ ៣៩ ឆ្នាំ ជាអ្នកខេត្តបុរីរ៉ាំ ប្រទេសថៃ ហើយបានឱ្យដឹងទៀតថា ដំបូងឡើយ ខ្លួនចាប់ផ្តើមមានរឿងទាស់ទែងជាមួយប្តី ហើយក៏កើតការសង្ស័យថាគេអាចនឹងលួចមានស្រី ក៏បានទៅលួចដាក់ GPS នៅជាប់ឡានរបស់គេដើម្បីតាមដាន។
ក្រោយពីដាក់ហើយ ក៏តែងតែឃើញឡានប្តីទៅកន្លែងរីសតមួយជាប្រចាំ ហើយនាងក៏ថតបានវីដេអូ តែដោយសារតែមិនមានភស្តុតាងផ្សេងៗទៀតច្បាស់លាស់ ទើបចេះបង្ហើបនិយាយគំរាមជាមួយប្តី ប៉ុន្តែមិនបានទៅជួបមុខរករឿងជាមួយស្រីនោះនោះទេ។
ស្រាប់តែមានថ្ងៃមួយ នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះត្រូវសាលាដំបូងរបស់ខេត្តបានឱ្យដឹងថា នាងត្រូវគេប្តឹងពីបទប្រមាថមើលងាយ ព្រមទាំងទារសំណងជិត ៨ ពាន់ដុល្លារឯណោះ ទាំងដែលនាងមិនបានយកវីដេអូទៅផុស ឬក៏បានទៅនិយាយតទល់ជាមួយនឹងស្រីម្នាក់នោះម្តងណាឡើយ។
យ៉ាងណាមិញ តាមពិតទៅ ស្រីរបស់ប្តីនោះ គឺមានវ័យដល់ ៤៧ ឆ្នាំ ហើយគឺជាអ្នករស់នៅជាមួយក្នុងភូមិជាមួយគ្នាទៀតផង។ ចំណែក ប្តីនោះវិញ ហាក់មិនអើពើជាមួយនាងឡើយ សុខចិត្តឱ្យនាងរត់ចុះឡើងទៅសាលាដំបូង ព្រមទាំងដើរខ្ចីលុយ និងមើលកូនតែម្នាក់ឯងទៀតផង៕